ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំរុញម​ន្ត្រី​​​សុខាភិបាលទាំងអស់ត្រូវខិតខំធ្វើ​យ៉ាងណាផ្តល់សេវាសុខភាពប្រ​ក​ប​ដោយគុណភាព សមធម៌ និងស​ម​ភា​ពជូនប្រជាពលរដ្ឋ ក្នុងឱកាសពិ​ធីបញ្ចុះបឋមសិលាដើម្បីធ្វើកា​រសា​ង​​សង់ អគារមន្ទីរពេទ្យបង្អែកជាំក្សាន្ត

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាដើម្បីធ្វើការសាងសង់ អគារមន្ទីរពេទ្យបង្អែកជាំក្សាន្តខេត្តព្រះវិហារ ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្ត, ឯកឧត្តម ឡុង សុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត យុវជន ប្រជាពលរដ្ឋ និងមន្ដ្រីរាជការជាច្រើនរូបទៀត។

មន្ទីរពេទ្យបង្អែកជាំក្សាន្ដ បានរៀបចំពិធីបញ្ចុះបឋមសីលាសាងសង់អគារមន្ទីរ ពេទ្យបង្អែកថ្មីមួយទៀត ក្នុងការបំពេញបន្ថែមនូវរចនាសម្ព័ន្ធពិនិត្យ ព្យាបាលជំងឺ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាពិសេសនោះគឺជាការឆ្លើយតបដ៏មានសារសំខាន់បំផុត ចំពោះតម្រូវការរបស់អ្នកជំងឺ ហើយសំ​​​​ខាន់ជាងនេះ គឺជាមោទនភាពរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដែលតែ​ង​​តែគិតគូរយកចិត្ត ទុកដាក់ខ្ពស់ ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋជាអទិភាព។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលតែងតែយកចិត្តទុក្ខដាក់លើសុខមាលភាពរបស់ប្រជាជនក្នុងការពិនិត្យព្យាបាលជំងឺ ប្រកប​ដោ​យគុណភាព ប្រសិទ្ធភាព និងសមធម៌។ ឯកឧត្តមបន្ដថា អគារមន្ទីរពេទ្យដែលបានសាងសង់ថ្មីបន្ថែមទៀតនេះ ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ជានិច្ច ចំពោះការអភិវឌ្ឍលើវិស័យសុខាភិបាល ដែលជាភារកិច្ចចំពោះមុខដើម្បីជាការឆ្លើយតប ទៅនឹងតម្រូវការនូវរាល់ការផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងអនាគត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងជំរុញដល់មន្ត្រីសុខា​ភិ​បាលទាំងអស់ត្រូវខិតខំបន្ថែមទៀត ធ្វើយ៉ាងណាផ្តល់សេវាសុខភាពប្រកបដោយគុណភាព សមធម៌ និងសមភាពជូនប្រជាព​ល​រដ្ឋ ដោយមិនរើសអើង។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីស្នើឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជួយគាំទ្រសហការឲ្យបានល្អ ធ្វើយ៉ាងណាឲ្យអគារមន្ទីរពេទ្យបង្អែកជាំក្សាន្ត ដែលនឹងសាងសង់ថ្មីនេះដំណើរការទៅដោយរលូន ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា និងទារក ឲ្យស្របតាមផែនកាយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនយើង និងចូលរួមសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

បន្ថែមពីនេះទៀត ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងស្រុកជាំ​ក្សា​ន្ត​មកទទួលយកការថែទាំសុខភាព ពិសេការសម្រាលកូន ការថែទាំ និងព្យាបាល ពីមន្ទីរពេទ្យបង្អែកនេះឲ្យអស់លទ្ធភាព ព្រោះ​កា​រប្រើប្រាស់សេវាសុខភាពសាធារណៈ គឺការទទួលបាននូវសេវាមួយ ដែលមានបច្ចេកទេសត្រឹមត្រូវ តាមក្បួនវេជ្ជសាស្ត្រ។

សូមបញ្ជាក់ជូនដែរថា អគារមន្ទីរពេទ្យបង្អែកជាំក្សាន្ដ ដែលបានធ្វើពិធីបញ្ចុះបឋមសីលានាពេលនេះ សាងសង់ឡើងដោយប្រើប្រា​ស់ថវិកាជាតិ តាមរយៈក្រសួងសុខាភិបាល ដែលមានបណ្តោយប្រវែង ៣៧.៥ម៉ែត្រ ទទឹង ១៨ម៉ែត្រ និងមានកម្ពស់២ជាន់៕

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button