ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រគល់អណ្តើកហ្លួងចំនួ​ន​​​២ក្បាល ឱ្យក្រសួងបរិស្ថានធ្វើការ​អ​ភិរក្ស ក្រោយពីបានទទួលទិញពី​អ្ន​កនេសាទខុសច្បាប់ នៅស្រុកស្រែ​អំ​បិល ខេត្តកោះកុង

ខេត្តកោះកុង ៖ អណ្តើកហ្លួងចំនួន២ក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យក្រសួងបរិស្ថានធ្វើការអភិរក្ស ក្រោយពីបានទទួ​ល​ទិ​ញ​ពី​​​អ្នកនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង នាពេលកន្លងមកនេះ។

លោកស្រី ឡាយ ផុនថេង ដែលបានប្រគល់ពូជអណ្ដើកកម្រនេះដល់ក្រសួងបរិស្ថាន បានឲ្យដឹងថា អណ្តើកហ្លួងចំនួន២ក្បាលនេះ ត្រូ​វបានលោកស្រី និងក្រុមគ្រួសារទិញពីអ្នកនេសាទក្នុងមួយក្បាលតម្លៃ៤០០ដុល្លារអាមេរិក ក្នុងអំឡុងធ្វើដំណើរកម្សាន្តទៅកា​ន់​​ខេត្តកោះកុងកាលពីចុងសប្តាហ៍មុននេះ។

ថ្លែងក្នុងពិធីប្រគល់អណ្តើកហ្លួងទាំង២ក្បាល នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ប្រជាពលរដ្ឋដែលប​ច្ចុ​ប្ប​​​​ន្នរស់នៅភ្នំពេញរូបនេះ បានបញ្ជាក់ថា អណ្តើកកម្រចំនួន២ក្បាលនេះ ត្រូវបានអ្នកនេសាទបញ្ចុះបញ្ចូលលក់ឱ្យនៅក្នុងចំណុច​ចំ​​ណតអាហារដ្ឋានមួយកន្លែង ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង។

បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា អណ្តើកហ្លួង​ទាំ​ង២ក្បាលនេះ ត្រូ​វ​ប្រ​គល់បន្តទៅឲ្យអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ហៅកាត់ WCS ដើម្បីធ្វើការអភិរក្ស។ ឯកឧ​ត្តម បានកោតសរសើរចំពោះការស្ម័​គ្រ​ចិត្តដោយលះបង់ថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមថែរក្សា និងអភិរក្សប្រភេទសត្វអណ្តើកកម្រនេះរបស់ក្រុមគ្រួសារលោកស្រី ឡាយ ផុនថេង។ ឯកឧត្តម មានប្រសាសន៍ថា ការបញ្ឈប់ការបរិភោគសត្វព្រៃរបស់ប្រជាព​ល​រ​ដ្ឋ នឹងបញ្ចប់បាននូវការបរបាញ់ និងការជួញដូរខុសច្បាប់។

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា(WCS) មានប្រសាស​ន៍​ថា​ អណ្តើកហ្លួងនឹងបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនមួយកន្លែងនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង តាំងពីឆ្នាំ​​​​២០០៦មក។ អ្នកជំនាញរូបនេះ បានសន្និដ្ឋានថា អណ្តើកហ្លួងទាំងពីរក្បាលនេះមានអាយុប្រហែល១៤ឆ្នាំ ខណៈអាយុកាលរស់រ​ប​​ស់វាត្រូវបានប៉ាន់ស្មានថា មានជាង១០០ឆ្នាំឡើងទៅ។ លោកឱ្យដឹងថា អណ្ដើកហ្លួងញីអាច មានទំហំរហូតដល់៦០សង្ទីម៉ែត្រ និ​ង​​​​អាចបន្តពូជនៅអាយុ២០ឆ្នាំ ខណៈឈ្មោលអាចមានទំហំ៤៩សង់ទីម៉ែត្រ។

អណ្ដើកហ្លួង ធ្លាប់ត្រូវបានគេគិតថា ផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការWCS បា​នសិក្សាស្រាវជ្រាវ និងរកឃើញចំនួនសេសសល់តិចតួចរបស់វាមាននៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។

មន្ត្រីគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការWCS បានឱ្យដឹងថា បច្ចុប្បន្ន កូនអណ្តើកហ្លួងចំនួន៤៥០ក្បាល បានស្ថិតក្នុងចិ​ញ្ចឹ​ម​​​ក្នុងមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនក្នុងស្រុកស្រែអំបិល ខណៈពូជអណ្តើកប្រភេទនេះស្ថិតក្នុងវ័យជំទង់ចំ​នួ​ន​៨៦​ក្បា​​​ល​​​​​​​ទៀត ត្រូវបានព្រលែងឱ្យទៅរស់នៅតាមបែបធម្មជាតិ។

អណ្តើកហ្លួង ជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ជា​ប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក។

អណ្ដើកប្រភេទកម្រនេះ ត្រូវបានរងការគម្រាមគំហែងដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ដូចជា ការប្រើប្រា​​​​ស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូច ឧបករណ៍ហាមឃាត់នានា ការនេសាទក្នុងតំបន់ហាមឃាត់ ជាដើម ជាពិសេសកា​រ​បូម​ខ្សា​ច់​បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន ដែលធ្វើឱ្យចំនួនអណ្ដើកហ្លួងកាន់តែថយចុះយ៉ាងខ្លាំងដែលអាចឈានដល់ផុ​ត​ពូជនាពេលខាងមុខ បើមិនមានការការពារត្រឹមត្រូវ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button