លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកប័ណ្ណកម្មសិទ្ធិដីធ្លីទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់មិនរៀបរយលើផ្លូវសាធារណៈ ទៅនៅតំនប់អភិវឌ្ឍវិហារសួគ៌
រាជធានីភ្នំពេញ ៖ អនុវត្តតាមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការយល់ព្រមពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាននាំយកប័ណ្ណកម្មសិទ្ធិដីទៅចែកជូនបងប្អូន អតីតប្រជាសហគមន៍បន្ទាយស្លឹក ដែលព្រមរុះរើផ្ទះនៅលើផ្លូវទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកម៉េត មាសភក្តី បានអោយដឹងថា ថ្ងៃនេះ បងប្អូនអតីតប្រជាសហគមន៍បន្ទាយស្លឹកទាំងអស់ មានទឹកមុខរីករាយស្រស់បំព្រង អបអរសាទរនូវពេលបានទទួលលិខិតផ្ទេរសិទិ្ធកាន់កាប់ដីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រទានកម្មដីទំហំ ៤ម៉ែត្រគុណ ១៥ម៉ែត្រ ក្នុងតំបន់អភិវឌ្ឍន៍នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បងប្អូនទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ។ ជីវិតមានសង្ឃឹមក្នុងការរស់នៅ ដែលទទួលនូវសិទិ្ធប្រទានកម្មដីពីរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងជាបិតាស្ថាបនិកនៃសន្ដិភាព។
នេះជាការប៉ិនប្រសប់ឈ្លាសវ័យ និងភាពទន់ភ្លន់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ដែលធ្វើអោយបងបងប្អូនប្រជាពលរដ្ឋរស់នៅសហគមន៍បន្ទាយស្លឹកទាំង ៨៧ខ្នងផ្ទះ ដែលរស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង បាននាំគ្នារុះរើផ្ទះរបស់ខ្លួនចេញទៅយកដីឡូត៌ថ្មី ក្នុងភាពសប្បាយរីករាយនិងមិនមានការតវ៉ាអ្វីទាំងអស់។ គេអាចចាត់ទុកថា នេះជាលើកទី១ហើយ ដែលរដ្ឋបាលរាជធានី ដោះស្រាយបញ្ហាសហគមន៍បានយ៉ាងរលូន ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ទន់ភ្លន់ រៀបចំចាត់ចែងប្រកបដោយប្រសិទ្ធភាពរបស់លោកឃួងស្រេង ខណៈដែលផ្លូវខាងលើនេះត្រូវបានបងប្អូនប្រជាពលរដ្ឋតាំងលំនៅដ្ឋាននៅលើផ្លូវជាង២០ឆ្នាំមកហើយនោះ។
គួរបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ សហគមន៍បន្ទាយស្លឹកចំនួន ៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់របស់ខ្លួនជាមួយអាជ្ញាធរ ដោយស្មារតី សហការ និងសប្បាយរីករាយ ដើម្បីរៀបចំសម្ភារនិងដឹកជញ្ជូនទៅទីតាំងដីឡូតិ៍ថ្មី ដីទំហំ៤ម៉ែត្រគុណ ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះដែលអាជ្ញាធររាជធានីភ្នំពេញបានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយពួកគាត់ស្នាក់នៅជាបណ្តោះអាសន្នមួយរយៈក្នុងផ្ទះដែលបានរៀបចំទុកជូន ក្រោយទទួលបានការយល់ព្រមផ្តល់ជូន ដីឡូតិ៍ទាំងនេះ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈសំណើរបស់បងប្អូនប្រជាពលរដ្ឋកន្លងមក៕