ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំកិច្ចប្រជុំក្រុមការងារយន្ដ ការត្រីភាគីបូក សម្រាប់បន្តកិច្ចពិភាក្សា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំកិច្ចប្រជុំក្រុមការងារយន្ដ ការ​ត្រីភាគីបូក សម្រាប់បន្តកិច្ចពិភាក្សា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ សំដៅសម្រេច ឱ្យបាននូវសេចក្តីព្រាងច្បាប់នេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​បានមានប្រសាសន៍ថា ស្ថិតក្នុងបរិបទដែលវិស័យឯកជនកាន់តែប្រឈមកាន់តែខ្លាំង​ទៅ​នឹង​លទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា រាជរដ្ឋាភិបាលបានធ្វើការយ៉ាង​ជិត​ស្និទ្ធជាមួយវិស័យឯក ជនស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថាវិស័យឯកជន​នៅ​តែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង សហគ្រាស គ្រឹះស្ថានទាំងអស់អាច រក្សាបានដំណើរផលិតកម្ម អាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។ ឯកឧត្ដមបានបញ្ជាក់​ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនៅក្នុង​វេទិការាជរដ្ឋាភិបាល-វិស័យឯក​ជន​លើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩  ដោយ​បានដាក់ចេញនូវវិធានការកែទម្រង់​មុត​ស្រួច​ជាកញ្ចប់ សំដៅពង្រឹងភាពប្រកួត​ប្រជែង និងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ចលើ​ប្រធាន​បទ​ចំនួន១៥ ដែលក្នុងនោះ ការកែសម្រួល​ច្បាប់ស្តីពីការងារ គឺជាការងារអាទិភាព​មួយនៅក្នុងវិស័យការងារ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ស្របតាមវិធានការកែទម្រង់មុតស្រួចរបស់ប្រមុខរាជ​រដ្ឋាភិបាល ក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសិក្សា​លទ្ធ​ភាពក្នុងការ​ធ្វើ​វិសោធនកម្មច្បាប់ស្តីពីការងារឱ្យស្របតាមបរិបទសេដ្ឋកិច្ចនិងសង្គម ដោយ​បានបញ្ចប់​ការ​សិក្សាជាបឋមលើភាពចាំបាច់និងអត្ថប្រយោជន៍នៃ​ការធ្វើវិសោធនកម្មច្បាប់​ស្តីពី​ការងារ ដោយបានសហការជាមួយអង្គការអន្តរជាតិខាងការងារ រៀបចំសិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី នាពេលកន្លងមកដើម្បីពិភាក្សាអំពីលទ្ធភាពលើការធ្វើវិសោធន​កម្ម​ច្បាប់ ស្តីពីការងារនេះ។ ឯកឧត្ដមបានបន្ថែមថា ក្នុងបរិការណ៍នេះ ការលើកកម្ពស់​ជំនាញ សមត្ថភាពនិងផលិតភាព ព្រមទាំងកិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាល​កំណត់​ជាអាទិភាពខ្ពស់នៅក្នុង “យុទ្ធ​សាស្រ្ត​ចតុកោណដំណាក់កាលទី៤” និងនៅក្នុងគោល​នយោ​បាយ​អភិវឌ្ឍន៍វិស័យ​ឧស្សា​ហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីបន្តពង្រឹងភាព​ប្រកួត​ប្រជែង ជំរុញការធ្វើពិពិធកម្ម​សេដ្ឋកិច្ចនិងធានាបានកំណើនខ្ពស់ បន្តការបង្កើតការ​ងារ​កាន់តែប្រសើរ និងបង្កើនប្រាក់​ចំណូលប្រកបដោយស្ថិរភាព និងបរិយាប័ន្ន ព្រមទាំង បញ្ចៀសបាននូវហានិភ័យ និងផល​ប៉ះពាល់អវិជ្ជមានណាមួយ ដែលកើតមានឡើងជាយ ថាហេតុ ។

សូមបញ្ជាក់ផងដែរថា ក្រសួងការងារបានសម្រេចបង្កើតក្រុមការងារយន្តការត្រី​ភាគី​បូកសម្រាប់ពិភាក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារនេះឡើង ដែលមានសមាស​ភាព​ត្រី​​ភាគីក្នុងចំនួនស្មើៗ​គ្នា ដើម្បីបន្តជំរុញកិច្ចសន្ទនាសង្គមក្នុងពិភាក្សា និងពិគ្រោះ​យោបល់​លើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ សំដៅជំរុញកំណើនផលិតភាព ភាព ប្រកួតប្រ​ជែង​របស់ជាតិ និងបង្កើនឱកាសការងាររបស់កម្មករនិយោជិត ស្របតាមសេចក្ដី ត្រូវ​ការក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button