ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត តាមខ្នងផ្ទះចំនួន ៦២គ្រួសារ ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារមួយចំនួន បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺកូវីដ១៩
ខេត្តប៉ៃលិន ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមការងារចុះជួយ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត តាមខ្នងផ្ទះ នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ៦២គ្រួសារ ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារមួយចំនួន ដើម្បីជួយដោះស្រាយជីវភាពរបស់ពួកគាត់មួយរយៈពេល បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺកូវីដ( Covid-19 ) ។
ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីដ១៩ ធ្វើឱ្យបណ្តាក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួន ត្រូវបានបិទទ្វារជាបន្តបន្ទាប់ បណ្តាលឱ្យប្រជាពលរដ្ឋខ្លះ បាត់បង់ប្រាក់ចំណូល ហើយប្រជាពលរដ្ឋខ្លះទៀត ដែលធ្វើជាពលករនៅក្រៅប្រទេស ត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ស្រុកកំណើត ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ដូច្នេះជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បាននាំយកអំណោយស្បៀងមកឧបត្ថម្ភដល់ពួកគាត់នៅតាមខ្នងផ្ទះ ព្រោះមិនអាចធ្វើការប្រមូលផ្តុំមនុស្សច្រើនបាន ។
ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍បន្ថែមទៀតថា៖ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកម្រិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អុំ ពូ មីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពឱ្យបានស្រាលជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ។
ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានណែនាំដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត គ្រប់ជាន់ថ្នាក់ ត្រូវចុះអោយដល់មូលដ្ឋានប្រជាពលរដ្ឋ ហើយក្តាប់អោយបាននូវទុក្ខលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយជូនពួកគាត់ឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ជាពិសេសបញ្ហាជម្ងឺកូវីដ១៩ ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទទួលអំណោយស្បៀងពីក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន មានចំនួន ៦២គ្រួសារ រស់នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្ថិតក្នុងស្រុកសាលាក្រៅ ដោយក្នុង ១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ និងទឹកត្រី ១យួរផងដែរ ៕