ឯកឧត្តម ស៊ុន ចាន់ថុល ធ្វើការក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនទាំងអស់ ត្រូវរួមសាមគ្គីគ្នាខិតខំប្រឹងប្រែង បំពេញការងារដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹក ជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើការក្រើនរម្លឹកដោយជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនទាំងអស់ ត្រូវបន្តរួមសាមគ្គីគ្នាខិតខំប្រឹងប្រែង បំពេញការងារដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត។
ការថ្លែងជំរុញយ៉ាងដូច្នេះក្នុងឱកាស ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជួប សំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ប្រមាណ១០០នាក់ ដោយមានការចូលរួមពី ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត ។
នៅក្នុងឱកាសនោះឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសាធារណការនិងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ និងដែលបានធ្វើឱ្យវិស័យសាធារណការនិងដឹកជញ្ជូននេះ កាន់មានការរីកចម្រើនគួរឱ្យកត់សម្គាល់នោះ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានារួមមាន៖ ផ្លូវក្រវាត់ក្រុងទី១ ទី២ ទី៣ ផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ផែពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ជាដើម។
ជាមួយគ្នានោះ ផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបង្ហាញនូវគោលជំហរ និងគោលការណ៍របស់ក្រសួងក្នុង ការសាងសង់ផ្លូវឱ្យបានរឹងមាំដែលអាចប្រើប្រាស់ជាប់បានយូរអង្វែង ពោលគឺមិនមែនធ្វើ មុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស ចាក់ក្រាសស៊ីស្ដើងនោះឡើយ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្ថែមថា គោលការណ៍នេះត្រូវតែអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ បំផុតតាមរយៈការប្រើប្រាស់យន្តការចុះពិនិត្យឱ្យបានដិតដល់ និងការបង្កើតក្រុមការងារត្រួត ពិនិត្យ ពិសេសដើម្បីតាមដានការសាងសង់របស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេស។
ជាមួយនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសារៈប្រយោជន៍នៃការ ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាពឆាប់រហ័ស តម្លាភាព កាត់បន្ថយការចំណាយក្រៅផ្លូវការ ក៏ដូចជាដើម្បីបង្ខិតសេ វាសាធារណៈទៅកៀកប្រជាពលរដ្ឋ ដូចជា ឆៀកចល័តនិងបង្កើតមណ្ឌលប្ដូរ និងពន្យាប័ណ្ណ បើកបរនៅតាមផ្សារទំនើបអ៊ីអនម៉លទាំងពីរ សាខា និងផ្សារទំនើបជីបម៉ុងជាដើម៕