ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាង ថាគ្មានការបិទផ្សារធំៗ និងទីក្រុង ដូ​​​ចដែលមានមតិមួយចំនួនបានលើ​កឡើងនោះទេ

រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងថា គ្មាន​ការបិទផ្សារធំៗនៅក្នុងរាជធានីភ្នំពេញ ដូចការលើកឡើងរបស់ជនមួយចំនួននោះទេ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០​នៅវិមានរដ្ឋ​សភា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “បញ្ហាការបិទក្រុង ការបិទប្រទេស ការ​បិទផ្សារ លក់ដូរ ការបិទភោជនីយដ្ឋាន  ការបិទហាងកាហ្វេ ការបិទហាងទំនិញនោះមិន​ឈាន​​​ដល់នោះទេ ។ ការធ្វើនេះ គឺគិតពីដំណើរការសេដ្ឋកិច្ចប្រទេស ហើយក្នុងនោះដំណើរ​ការ​រោងចក្រ ក៏មិនបិទនោះទេ”។ សម្ដេចតេជោបានលើកឡើងថា ការមិនបិទកន្លែងខាង​លើនេះព្រោះវាជាកន្លែងធ្វើឱ្យដំណើរការសេដ្ឋកិច្ចជាតិដើរ។ ប៉ុន្តែដើម្បីទប់ស្កាត់ការរីករាដាល​ជំងឺកូវីដ-​១៩នេះ មធ្យោបាយនៃការដឹកជញ្ជូនមួយចំនួនបានបិទជាបណ្តោះអាសន្ន  ក្នុងនោះ​មាន​រថយន្តក្រុង និងកាណូត។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានបញ្ជាឱ្យសមត្ថកិច្ចចុះចាប់ខ្លួនអ្នក​ដែលលក់​ថ្នាំថាព្យាបាលជំងឺកូវីដ-១៩ ជា និងដែលគ្មានការទទួលស្គាល់ពីអង្កការសុខភាពពិភពលោក ផងដែរ។ សម្ដេចតេជោបានថ្លែងថា “កាលពីម្សិលមិញនេះមានបទបញ្ជាជា​បន្ទាន់ឱ្យមាន​ការរឹបអូសនូវឧបករណ៍ធ្វើតេស្ត រកមេរោគកូវីដ-១៩។ ឥឡូវសូមឱ្យគ្រប់ទីកន្លែងទាំងអស់​រុក​រក​ទៀតចំពោះអ្វីដែលអង្គការសុខភាពពិភពលោកមិនទទួលស្គាល់ ត្រូវរឹបអូសយកមកដោយ​បំផ្លាញចោលតែម្តង។

សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់អាជីវករទាំងអស់ដែលកំពុងធ្វើការអាជីវកម្មនូវអ្វីដែលមិនប្រាកដនេះ ឈប់ ព្រោះថាប្រជាជនកំពុងតែជួបបញ្ហាកូវីដ-១៩។ ដូច្នេះ​ឧបករណ៍ធ្វើតេស្តនេះមិនពិតប្រាកដទេ  និងសូមកុំចាញ់បោកអ្នកណាឱ្យ​សោះសូម្បី​វិទ្យា​ស្ថានប៉ាស្ទ័រក៏គេវិភាគរាប់ម៉ោង បានឃើញ តែគេថាធ្វើតេស្តភ្លាមឃើញ អីញ្ចឹងកុំជឿ។

ទន្ទឹមនេះ សម្តេចតេជោក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ កុំឱ្យទិញ ឬកុំជឿ ឧបករណ៍ធ្វើតេស្តខ្លួនឯង រកវីរុសកូវីដ-១៩ ដែលអង្គការសុខភាពពិភពលោក ក្រសួងសុខា​ភិបាល​កម្ពុជា មិនទទួលស្គាល់។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា “ហើយគួរត្រូវបំផ្លាញ​ចោលតែម្ដង ហើយសូមអំពាវនាវចំពោះអាជីវករទាំងឡាយ មិនប្រាកដ កុំបង្កើតបញ្ហា​ប្រជាជន​កំពុងរងគ្រោះស្រាប់ ទៅលើបញ្ហាកូវីដ-១៩។​ ដូច្នេះឧបករណ៍ធ្វើតេស្តនេះ វាមិន​អាចទៅរួចទេ សូមបងប្អូនប្រជាពលរដ្ឋរបស់យើង កុំចាញ់បោកអ្នកណាឱ្យសោះ សូម្បីតែ​វិទ្យាស្ថានប៉ាស្ទ័រ ក៏ត្រូវរង់ចាំរាប់ម៉ោង អាចដឹងអំពីលទ្ធផល។ ហេតុអ្វី បានជាឧបករណ៍​ធ្វើតេស្ត ចាក់ហើយថា មានរោគ ឬមិនមានរោគ ចំណុចនេះសូមឱ្យអាជីវករមួយចំនួន គឺត្រូវមានការយកចិត្តទុកដាក់ កុំឱ្យប្រជាជនរងគ្រោះដោយសារយើង ហើយសូមកុំឱ្យបំផុស ថាថ្នាំនេះលេបទៅជា ថ្នាំនោះលេបទៅជា” ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button