សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជម្រុញដល់អាជ្ញាធរក្នុងមូលដ្ឋានទាំងអស់ បង្កបរិយាកាសឱ្យប្រជាពលរដ្ឋពង្រីកមុខរបរកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញដល់អាជ្ញាធរក្នុងមូលដ្ឋានទាំងអស់បង្កបរិយាកាសឱ្យប្រជាពលរដ្ឋពង្រីកមុខរបរកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ ខណៈកម្ពុជាប្រឈមការប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងស្រុក នៃខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី២៤ ខែសីហានេះ សម្តេចពញាចក្រី ហេង សំរិន លើកឡើងថា អាជ្ញាធរក្នុងមូលដ្ឋានគួរតែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបង្កើនការដាំដំណាំកសិកម្ម ចិញ្ចឹមសត្វ ក្នុងវិស័យវារីវប្បកម្ម ជាដើមនេះ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។
សម្តេចពញាចក្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានបញ្ចេញកញ្ចប់ថវិកាពិសេស ដើម្បីជួយឱ្យផលិតកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា មានលទ្ធភាពទ្រទ្រង់សេដ្ឋកិច្ចប្រជាជន និងធានាដល់សន្តិសុខស្បៀងក្នុងពេលកម្ពុជា ក៏ដូចជាពិភពលោកកំពុងរងគ្រោះដោយការរាតត្បាតនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីជួយដល់ប្រជាកសិករក្នុងការពង្រឹង និងពង្រីកផលិតកម្មដាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី កង្កែប បង្កងទឹកសាប និងក្រុមសិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម មានលទ្ធភាពពង្រីកអាជីវកម្ម និងពង្រឹងខ្សែច្រវាក់ផលិតកម្ម ដែលអាចបង្កើតការងារបន្ថែមដល់ពលរដ្ឋ និងកែច្នៃផលិតផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចនាំចេញ ក្នុងពេលកម្ពុជា ក៏ដូចជាពិភពលោកជួបវិបត្តិសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអះអាងថា កសិករក្នុងវិស័យកសិកម្មតូចតាចតាមគ្រួសារសហគមន៍ អាចខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងអត្រាការប្រាក់ត្រឹមតែ៥ភាគរយប៉ុណ្ណោះ សម្រាប់ទុនបង្វិលរយៈពេល២ឆ្នាំ ហើយធ្វើការសងត្រឡប់វិញក្នុងរយៈពេលរហូតដល់៧ឆ្នាំ នៅពេលជួបវិបត្តិកូវីដ-១៩៕