ឯកឧត្តម ជា សុមេធី ថ្លែងអំណរគុ ណ ក្រុមហ៊ុន SKD ដែលបានឧបត្ថម្ភ ទឹកអាល់កុលចំនួន ២០០០លីត្រ សម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺ ខូវីដ-១៩
ខេត្តព្រៃវែង ៖ នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកឧកញ៉ា ឡាយ ម៉េងស៊ុន អគ្គនាយកក្រុមហ៊ុន SKD ដែលបានឧបត្ថម្ភ ទឹកអាល់កុលចំនួន ២០០០លីត្រ ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺខូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា ។
ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ទាំងនេះគឺជា កាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់ លោកឧកញ៉ា ដែលបាន ឧបត្ថម្ភនៅទឹកអាកុលទាំងអស់នេះសម្រាប់ រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារ និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ មិនឲ្យមានការរីករាលដាល នៃវីរ៉ុស ខូវីដ-១៩ នេះ។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ននេះ ជំងឺវីរុស ខូវីដ-១៩ បាននិងកំពុងឆ្លង និងសម្លាប់មនុស្សរាប់ម៉ឺននាក់នៅលើពិភពលោក ចំណែកនៅក្នុងប្រទេសកម្ពុជាយើងជំងឺនេះ ក៏បានរាលដាលឆ្លងមកកម្ពុជានោះផងដែរ។
ឯកឧត្តមក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តព្រៃវែង ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងការពារកុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺ ខូវីដ-១៩ មកដល់ខ្លួនយើង នឹងនៅក្នុងមូលដ្ឋានផងដែរ។
ឯកឧត្ដមក៏សូមជូនពរដល់លោកឧកញ៉ា និងក្រុមគ្រួសារ បានជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ។
សូមបញ្ជាក់ផងដែរថា បើគិតមកដល់ថ្ងៃនេះ នៅក្នុងខេត្តព្រៃវែង ពុំទាន់មានករណីរកឃើញនូវវីរុសខូវីដ-១៩ ឆ្លងមកប្រជាជននៅក្នុងខេត្តព្រៃវែងនោះនៅឡើយទេ ៕