ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស ជូនកាកបាទក្រហមកម្ពុជា

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស (WATERGEN) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោ​កជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហម និងសហការី ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីលក្ខណៈពិសេស ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ ដែលជាបច្ចេកវិទ្យាមកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធចេញពីខ្យល់ក្នុងបរិយាកាសដោ​យ​ស្វ័យប្រវត្តិ បានប្រមាណ ៨០០លីត្រក្នុងមួយថ្ងៃ ប្រកបដោយគុណភាពនិងសុវត្ថិភាពខ្ពស់ ព្រមទាំងកាត់បន្ថយការប៉ះពា​ល់​បរិស្ថាន។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ម៉ាស៊ីន និងរថយន្តនេះផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់កាកបាទក្រហមកម្ពុជាដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋាននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជួបគ្រោះរាំងស្ងួត ទឹកជំនន់ និងតំបន់ខ្វះខាតប្រភពទឹកស្អាតប្រើប្រាស់ សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាការបង្ហាញនូវកាយវិការប្រកបដោយមនុស្សធម៌ ដែលសម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងជីវភាពរស់នៅរបស់បងប្អូនកាន់តែមានភាពប្រសើរឡើងជាលំដាប់៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button