ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវបានឧបត្ថម្ភថវិកាជូនដល់ជនចាស់ជរាជិត១០០០នាក់នៅឃុំពង្រ និងឃុំមហាលាភស្រុកកោះសូទិនខេត្តកំពង់ចាម ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ១៩
ខេត្តកំពង់ចាម ៖ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវបានឧបត្ថម្ភថវិកាជូនដល់ជនចាស់ជរាជិត១០០០នាក់នៅឃុំពង្រ និងឃុំមហាលាភស្រុកកោះសូទិនខេត្តកំពង់ចាម ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ១៩ ពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។
លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ បានចុះចែកអំណោយជាថវិកាជូនជនចាស់ជរា នៅឃុំពង្រ ចំនួន៣៥២នាក់ និង ឃុំមហាលាភ ចំនួន៥៥៤នាក់ ។
ក្នុងពិធីចែកអំណោយមនុស្សធម៌នោះដែរ លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធក៏បានផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយអប់រំប្រជាពលរដ្ឋឲ្យបង្កើនការធ្វើអនាម័យឱ្យបានជាប់ជាប្រចាំ កាត់បន្ថយការជួបជុំមិនចាំបាច់ ហើយក្នុងករណីសង្ស័យសូមទៅពិគ្រោះយោបល់នៅមណ្ឌលសុខភាពដែលនៅជិតបំផុត។
លោក ឃឹម ប៉ោទៀង មេឃុំពង្រមានប្រសាសន៍ថា ការផ្តល់ជូននូវជំនួយមនុស្សធម៌នេះបានបង្ហាញនូវស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្នុងការសម្រាលការលំបាករបស់ ប្រជាពលរដ្ឋ ពិសេសជនចាស់ជរានៅក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ថា ឯកឧត្តមខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទំាងថ្នាក់ដឹកនាំ ក្រសួងព័ត៌មានដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកោះសូទិនខេត្តកំពង់ចាម ជានិច្ចជាកាលតែងតែបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានចែកអំណោយមនុស្សធម៌ជាបន្តបន្ទាប់ រួមទំាងការអភិវឌ្ឍលើវិស័យជាច្រើនទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន៕