ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសអំពីស្ថានភាពព្យុះថ្មីឈ្មោះ ម៉ូឡាវ (MOLAVE) មានឥទ្ធិពល ដល់កម្ពុជា
រាជធានីភ្នំពេញ ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសព័ត៌មានថា យោងការតាមដាន និងការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះ វិសម្ពាធមួយ ដែលបានកើតឡើង ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខាងកើត កៀកនឹងប្រទេសហ្វីលីពីន បានវិវត្តខ្លួនជាបន្តបន្ទាប់ ទៅជាព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) ដោយដើរចូល ទៅភាគកណ្តាល ប្រទេសហ្វីលីពីន។
នៅក្នុងសេចក្តីប្រកាស បានព្យាករថា ព្យុះនេះ នឹងបង្កើនឥទ្ធិពល ជាលំដាប់ នៅពេលធ្វើដំណើរឆ្លងកាត់ ប្រទេសហ្វីលីពីន រួចចូលមកក្នុង សមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយបានថមថយឥទ្ធិពល នៅពេលចូលមកដល់ ប្រទេសវៀតណាម ត្រង់ម្តុំចំណុចក្វាងងៃ (Quang Ngai) នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ រួចបន្តដំណើរចូលលើ តំបន់ប៉ាសុងរបស់ ប្រទេសឡាវ ដោយថមថយឥទ្ធិពល ទៅជាវិសម្ពាធ និងសម្ពាធទាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។
ក្នុងសេចក្តីប្រកាសដដែល សរសេរទៀតថា លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖
- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមានខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ច្រើន លាយឡំជាមួយនឹងខ្យល់ខ្លាំង ។
-បណ្តាខេត្តនៅតំបន់វាលទំនាប រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង អាចមានភ្លៀងធ្លាក់ច្រើន ។
សេចក្តីប្រកាសនេះ បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលនៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មាន ជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុ មានការប្រែប្រួល៕