មកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោតមានការស្រកចុះ ០,៧ម៉ែត្រ
រាជធានីភ្នំពេញ ៖ គិតមកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោតមានការស្រកចុះ បើតាមក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងនោះមាន ៖
១-កម្ពស់ទឹកនៅលើសំណង់បង្ហៀរ មានកម្ពស់ទឹក៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ។
២-ស្ថានភាពទឹកនៅតាមដងស្ទឹងគឺ ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ។ ហើយទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមានការស្រកចុះយឺត អាចបណ្តាលមកពីការសាងសង់ស្ពានកាត់ស្ទឹងក្រោមវត្តសាក់សំពៅដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន)។
៣-សកម្មភាពការងារៈ ចុះតាមដានសភាពទឹកតាមដងស្ទឹង។ ដឹកដីចាក់បន្ថែមភ្លឺទំនប់ខាងលើវត្តសាក់សំពៅ ៥០០ ម៉ែត្រ។ ប៉ែកខាងលើទំនប់ ៧មករា (ប្រទះឡាងប្រវែង ៣៣០០ម៉ែត្រ )តម្លើងកម្ពស់សណ្តរលើទួលទំនប់ចាស់។
ជាមួយគ្នានេះ មន្រ្ដីជំនាញបន្ដពិនិត្យបិទរូងនាគនៅតាមតួទំនប់ និងបិទបំពង់ស្ថានីយបូមទឹក កុំឱ្យទឹកហូរចូលសង្កាត់ក្រាំងពង្រ ស្ថិតក្នុងខណ្ឌដង្ការ រាជធានីភ្នំពេញ៕