ឯកឧត្តម ហ៊ុន ម៉ាណែត៖ ជានិច្ចកាលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់គ្រួសារ អតីតយុទ្ធជនកម្ពុជា ដើម្បីជួយជំរុញធ្វើឱ្យជីវភាពរស់នៅរបស់បងប្អួនកាន់តែមានភាពប្រសើរ
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់គ្រួសារ អតីតយុទ្ធជនកម្ពុជាដើម្បីជួយជំរុញធ្វើឱ្យជីវភាពរស់នៅរបស់បងប្អួនកាន់តែមានភាពប្រសើរ ថែមទៀតនោះ។
ការថ្លែងបែបនេះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានធ្វើឡើងក្នុងឱ កាសប្រគល់ផ្ទះចំនួន១០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជា នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង ផ្តល់អំណោយស្បៀងអាហារ សម្ភារប្រើប្រាស់ ថវិកា ដល់គ្រួសារអតីតយុទ្ធជនចំនួន ៤០គ្រួ សារផងដែរ កាលពីរសៀលថ្ងៃ៨រោច ខែភទ្របទឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ទី១០ ខែកញ្ញាឆ្នាំ២០២០។
ក្នុងឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនដល់បងប្អូនអតីតយុទ្ធជនទាំងអស់។
ឯកឧត្តមក៏បានថ្លែងកោតសរសើរ ដល់អតីតយុទ្ធជនទាំងអស់ ដែលកន្លងមកបានតស៊ូ ដោយបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិរហូតដល់ធ្វើឱ្យប្រទេសកម្ពុជាទាំងមូលមានស្ថិរភាពពេញលេញ មានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលមិនអាចកាត់ថ្លៃបាននោះ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ដោយសារបងប្អូនអតីតយុទ្ធជនទាំងអស់នេះ មាន គុណជាមួយជាតិខ្លាំងនោះ ទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើបងប្អូនអតីតយុទ្ធ ជនយ៉ាងខ្លាំងធ្វើឱ្យក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់នេះមានភាពកក់ក្តៅនិងមានជំនឿ ជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
ជាមួយនោះឯកឧត្តម បានក្រើនរម្លឹកដល់បងប្អូននិវត្តន៍ជនទាំងអស់ដែលជាអតីត យុទ្ធជនត្រូវតែចេះតស៊ូក្នុងជីវិតរស់នៅ មិនត្រូវអស់សង្ឃឹមនោះទេ រាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់ទាំងការផ្តល់ផ្ទះសម្បែងដីសម្បទានសង្គមកិច្ច ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយកែសម្រួលប្រាក់បៀវត្សមូលដ្ឋាន ឱ្យតុល្យភាពគ្នាទៀតផង សំដៅធ្វើយ៉ាងណាឱ្យបង ប្អូនបានរស់នៅក្នុងជីវភាពមួយសមរម្យ ៕