ឯកឧត្ដម យឹម ឆៃលី និងថ្នាក់ដឹកនាំ មន្រ្ដីរាជការខេត្តកំពង់ចាម ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តបុទុម្ទរតនដីដុះក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការខេត្តកំពង់ចាម បានចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតនៅសង្កាត់បឹងកុក និងវត្តបុទុម្ទរតនដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមវត្តមាន ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំតាមមន្ទីរ ព្រមទាំងមន្ត្រី រាជការសាលាខេត្ត រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្តទាំងពីរ ផងដែរ។
ក្នុងឱកាសនៃការចូលរួមកាន់បិណ្ឌទី៨ ក្នុងវត្តទាំងពីរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ឯកឧត្តម ខ្លូត ផន ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ព្រមទាំងសមាជិក សមាជិ កាព្រឹទ្ធសភា រដ្ឋសភា មណ្ឌលកំពង់ចាម និងថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំតាមមន្ទីរ ព្រមទាំងមន្ត្រីរាជការទាំងអស់ បានអញ្ជើញអុជ ទាន ធូប បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំសមាជិក សមា ជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ ព្រមទាំងបានធ្វើពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន ដែលបានចែកឋានទៅ សូមបានសោយសុខទៅកាន់ឋានសុគតិភព ។
បុណ្យភ្ជុំបិណ្ឌ ជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរដែលអ្នកកាន់ព្រះពុទ្ធសាសនាគោរពប្រតិបត្តិតាំងពីដូនតារៀងមក។ ជាមួយគ្នានេះពិធីបុណ្យកាន់បិណ្ឌនេះពុទ្ធបរិ ស័ទ ពុទ្ធសាសនិកខ្មែរយើងបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅឱ្យមាតា បិតា ញាតិកាទាំង៧សន្តានដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យ ទៅកើតក្នុងសុគតិភព ដែលប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ នឹងទទួលកុសលផលបុណ្យទាំងនេះដែលកូនចៅធ្វើឧទ្ទិសទៅឱ្យហើយ ។ ពុទ្ធបរិស័ទជិតឆ្ងាយបានមកជួបជុំគ្នានាំយកចង្ហាន់ ចំណីអាហារ ទៀន ធូប បច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា។
ក្នុងពិធីឆ្លងបិណ្ឌវេនទី៨នេះឯកឧត្តម និងលោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមនិងលោកជំទាវជាថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃទាំពីរវត្ត សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្ត ព្រមទាំងបានចូលរួមរាប់បាត្រផងដែរ៕