ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន បានបើកកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់អំពីផលប៉ះពាល់និងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ ក្នុងខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំរោងកុន ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន បានបើកកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់អំពីផលប៉ះពាល់និងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ ក្នុងខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលពីសំណាក់ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក ផងដែរ។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន បានកោតសរសើរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ខេត្ត ដែលបានខិតខំអនុវត្តការងារកន្លងមកប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានទាន់ពេលវេលា សំដៅរួមគ្នា កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ។ឯកឧត្តមបន្ថែមទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំ អាកាសធាតុមានការប្រែប្រួលជាបន្តបន្ទាប់ ដូច្នេះសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបម្រែបម្រួលអាកាសធាតុ ដើម្បីឱ្យប្រជាពលរដ្ឋត្រៀមខ្លួនទុកជាមុននូវបញ្ហា ទាំងអស់នេះ និងរួមគ្នាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត។

ឯកឧត្ដមបានស្នើសុំគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ សូមពិនិត្យនូវរាល់ចំណុចដែលត្រូវកែលម្អឱ្យកាន់តែល្អប្រសើរ ឆ្លើយតបនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ជាមួយគ្នានោះ ឯកឧត្ដមប្រធានអង្គប្រជុំ បានផ្សព្វផ្សាយបន្ថែមពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ ជូនគ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ព្រមទាំងបានជំរុញឱ្យរដ្ឋបាលក្រុង ស្រុក មន្ទីរជំនាញ បន្តអនុវត្តកិច្ចការនេះឱ្យបានត្រឹមត្រូវស្របតាមនីតិវិធី។ឯកឧត្ដម បានមានប្រសាសន៍ផ្ដាំផ្ញើដល់អាជ្ញាធរក្រុង ស្រុក និងអង្គភាពទាំងអស់ សូមបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន របស់ខ្លួនអំពីវិធានការការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំធ្វើអំពើល្អ ធ្វើការងារបម្រើប្រជាពលរដ្ឋ ឱ្យបានល្អទ្វេដង ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button