ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល !ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប នឹងត្រូវស្ថាបនាជា៤ប្រភេទផ្សេងគ្នា ទៅតាមស្ថានភាពផ្លូវ និងតម្រូវការដឹកជញ្ជូន
ខេត្តសៀមរាប ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប នឹងត្រូវស្ថាបនាជា៤ប្រភេទផ្សេងគ្នា ទៅតាមស្ថានភាពផ្លូវ និងតម្រូវការដឹកជញ្ជូន។
ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ប្រភេទទីមួយចាក់បេតុងចំនួន២៥សង់ទីម៉ែត្រដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូACពីលើទេ, ប្រភេទទីពីរចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទី ម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន, ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង, និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុង១៥សង់ទីម៉ែត្រពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។
ឯកឧត្តម បានបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែ ដែលមានប្រវែងសរុប១០៨គីឡូម៉ែត្រ នឹងត្រូវសាងសង់ដោយអង្គភាពរដ្ឋចំនួន៦ មានដូចជា៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប, កងវិស្វកម្ម១០៨, នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន, នាយកដ្ឋានជួសជុលនិងថែទាំផ្លូវក្រសួងសាធារណការនិងដឹកជញ្ជូន, អគ្គនាយកដ្ឋានសាធារណការ, នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់, និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ដោយបែងចែកជាកំណាត់ៗ ដើម្បីឱ្យការសាងសង់ធានា បានទាំងគុណភាព និងទាន់ពេលវេលាតាមការគ្រោងទុក។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងដឹកនាំសាងសង់ស្ថាបនាផ្លូវទាំងនេះ បានជំរុញឱ្យមានការដោះស្រាយផលប៉ះពាល់ទៅដល់លំនៅឋានប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវឱ្យបានចប់រួចរាល់ មុននឹងឈានទៅអនុវត្តគម្រោងនីមួយៗ។
បើតាមការបញ្ជាក់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា មកដល់ពេលនេះ ការដោះស្រាយផលប៉ះពាល់ទៅដល់លំនៅឋានប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបានសម្រេចជាង៧៥ភាគរយហើយ ដោយនៅសល់២៥ភាគរយទៀត នឹងត្រូវពន្លឿនឱ្យចប់រួចរាល់មុនពេលអនុវត្តគម្រោង។ ឯកឧត្តម បានបញ្ជាក់ថា «ចំពោះប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប គឺការដោះស្រាយពុំមានបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ មន្ត្រីរាជការ និងអ្នកមានអំណាចមួយចំនួនទៅវិញទេ ដែលធ្វើការតវ៉ាចំពោះគម្រោងពង្រីកផ្លូវ។»
សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ នឹងធ្វើពិធីសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថិតក្នុងគម្រោងចំណាយពី១០០ ទៅ១៥០លានដុល្លាអាមេរិក។
រាល់គម្រោងស្ថាបនាកែលម្អនេះ នឹងត្រូវធ្វើការស្តារប្រឡាយដាក់លូបង្ហូរទឹកភ្លៀង និងលូទឹកកខ្វក់ ព្រមទាំងរៀបចំខឿនចិញ្ចើមផ្លូវ ដោយការក្រាលការ៉ូឡា ខណៈផ្លូវមួយចំនួន នឹងសាងសង់ឱ្យមានផ្លូវសម្រាប់ជិះកង់ ផ្លូវថ្មើរជើង និងផ្លូវសម្រាប់ជនពិការ ព្រមទាំងដាក់ស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍៕