ផ្លូវលំមួយខ្សែ រងការខូចខាតដោយសារទឹកជំនន់កន្លងមក ត្រូវបានព្រះសង្ឃ និងប្រជាពលរដ្ឋ បានរួមគ្នាទិញដីចាក់បំពេញ និងជួសជុលឡើងវិញ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប
ខេត្តសៀមរាប ៖ ផ្លូវលំមួយខ្សែ ដែលរងការខូចខាតដោយសារទឹកជំនន់កន្លងមក ត្រូវបានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់ បានរួមគ្នា ទិញដីចាក់បំពេញ និងជួសជុលឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋងាយស្រួលដឹកកសិកផល ព្រមទាំងសិស្សានុសិស្សស្រួលធ្វើដំណើរទៅសាលារៀន ។ ផ្លូវមួយខ្សែនេះ មានប្រវែងប្រមាណ៤គីឡូម៉ែត្រ ស្ថិនៅក្នុងភូមិត្រពាំងថ្មល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ព្រះតេជគុណ ជុត សំអូន ព្រះចៅអធិការវត្ដសុវណ្ណព្រឹក្សាគគី ព្រះអង្គមានសង្ឃដីកា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយមើលឃើញពីការលំបាកធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋផងនោះ ព្រះសង្ឃ និងប្រជាពលរដ្ឋបានប្រមូលថវិកាពីសប្បុរសជនរួមគ្នាទិញដីក្រហមជាច្រើនឡាន ព្រមទាំងយកកំទេចថ្មពីកន្លែងផ្សេង ដើម្បីចាក់បំពេញ និងជួសជុលឡើងវិញ តាមផ្លូវដែលបានបាក់ស្រុត ដោយទឹកហូរកាត់ នៃជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ។ ព្រះអង្គមានសង្ឃដីកាបន្ដថា ផ្លូវដែលកំពុងជួសជុលនេះ រងការខូចខាតច្រើនកន្លែង ដែលមានទឹកហូរកាត់ផ្លូវ ព្រោះលូនៅតាមខាងមុខផ្ទះប្រជាពលរដ្ឋមានទំហំតូចៗ បណ្ដាលអោយទឹកហូរមិនទាន់ ដែលមានផលប៉ះពាល់ដល់ផ្លូវ និងពិបាកធ្វើដំណើរមួយសប្ដាហ៍មកហើយ។ ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា កាលពីឆ្នាំមុនៗ ព្រះអង្គក៏បានចូលកែលំអរផ្លូវផ្សេងទៀតនៅក្នុងឃុំរបស់ព្រះអង្គផងដែរ ដែលព្រះអង្គបន្ថែមថា ការរួមគ្នាជួសជុលផ្លូវ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នេះ ជាការចូលរួមជួយរំដោះទុក្ខលំបាកមួយផ្នែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន។
បើតាមព្រះតេជគុណ ជុត សំអូន ព្រះអង្គបានអោយដឹងថា ផ្លូវមួយខ្សែដែលកំពុងជួសជុលឡើងវិញនេះមានសារ:សំខាន់ក្នុងដឹកជញ្ជូនកសិផលប្រជាពលរដ្ឋព្រមទាំងការធ្វើដំណើរទៅកាន់កន្លែងផ្សេងៗជាច្រើនកន្លែងទៀត ប៉ុន្ដែសម្រាប់កន្លែងដែលពលរដ្ឋ និងព្រះសង្ឃរួមគ្នាជួសជុលនេះ មានប្រវែងប្រហែល ៤គីឡូម៉ែត្រ ចេញពីថ្នល់ជាតិលេខ៦ ដល់វត្ដសុវណ្ណព្រឹក្សាគគី ស្ថិតក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ដែលជាផ្លូវមូលនិធិឃុំ សង្កាត់ ហើយកំពុងរងការខូចខាតជាច្រើនកន្លែង ដោយសារជំនន់ទឹកភ្លៀង។ ព្រះអង្គបានអំពាវនាវ ដល់សប្បុរសជនចូលរូមបរិច្ចាថវិកាជួយជួសជុលផ្លូវបន្ថែមទៀត ដើម្បីអោយប្រជាពលរដ្ឋ សិស្សានុសិស្ស ងាយស្រួលធ្វើចរាចរណ៍ ក៏ដូចជាដឹកជញ្ជូនកសិកផលរបស់ប្រជាកសិករផងដែរ៕ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប