ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញប្រតិបត្តិការ ចែកម៉ាសក្រណាត់ចំនួន ២ម៉ឺនម៉ាស ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជូនចំនួន ២លានម៉ាស តាមរយៈសាលារាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោម​ការចង្អុលបង្ហាញ​ពី លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដោយ​មាន​ការប្រគល់​ភារកិច្ច​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ចេញ​ប្រតិបត្តិការ ចែក​ម៉ាស​ក្រណាត់ ចំនួន ២​ម៉ឺន​ម៉ាស ដែល​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ផ្តល់​ជូន​ចំនួន ២​លាន តាមរយៈ​សាលា​រាជធានី​ភ្នំពេញ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​តាម​គោលដៅ​មួយ​ចំនួន ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន ម៉ាស​ចំនួន​០២ សម្រាប់​ធ្វើ​ការផ្លាស់ប្តូរ​គ្នា ព្រោះ​ម៉ាស​នេះ​មាន​ប្រសិទ្ធភាព​អាច​ប្រើប្រាស់​បាន​ច្រើន​ដង ដោយ​បោក​ទឹក​ហាលថ្ងៃ​យកមក​ប្រើប្រាស់​វិញ​បាន​។

​ប្រជាពលរដ្ឋ​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ចែក​ម៉ាស​ជូន​រួមមាន : អ្នកធាក់ស៊ីក្លូ , ម៉ូតូឌុប , ម៉ូតូ​កង់​បី , កម្មករសំណង់ , អ្នក​បោសសម្អាត​តាមផ្លូវ , អ្នកលក់ដូរ​តាម​កញ្ច្រែង , ប្រជាពលរដ្ឋ​ដែល​អង្គុយ​រង់ចាំ​នៅ​បរិវេណ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​ផ្សេងៗ អ្នក​ហាត់ប្រាណ​តាម​ទីសាធារណៈ និង​អ្នកបើកបរ ម៉ូតូ កង់ តាម​ដងផ្លូវ។ ដោយ​ប្រើប្រាស់​មធ្យោបាយ ម៉ូតូ​កង់​បី​ចំនួន​១២​គ្រឿង ចល័ត​តាម​គោលដៅ តាម​បណ្តា​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ​។​

​សកម្មភាព​ចែក ម៉ាស​ដល់​ប្រជាពលរដ្ឋ នាពេលនេះ ធ្វើឡើង​បន្ទាប់​ពី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន បាន​ប្រកាស​នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ឲ្យ​បញ្ចេញ​ម៉ាស​ក្រណាត់​ចំនួន​២​លាន​ម៉ាស ចេញពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បី​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង បាន​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ធ្វើ​កិច្ចការ​នេះ​ជា​បន្ទាន់​។​

​ដោយឡែក​ក្រៅពី​ការចែក​ម៉ាស អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ចងក្រង​ការណែនាំ អំពី​វិធី​ប្រើប្រាស់​ម៉ាស និង​ធ្វើការ សង្ខេប​នូវ​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​ស្តីពី​វិធានការ បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩ ធ្វើការ​ផ្សព្វផ្សាយ រំលឹក​ដល់​សាធារណៈជន តាមរយៈ ឧគ្ឃោសនសព្ទ ដែល​បំពាក់​នៅលើ​ម៉ូតូ​កង់​បី ទាំង​១២​គ្រឿង​ផង​ដែរ​៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button