ប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន១៩ខេត្ត បានទទួលពូជស្រូវ និងគ្រាប់ពូជដំណាំរួមផ្សំគ្រប់គ្នាហើយ ដើម្បីស្តារការដាំដុះឡើងវិញ បន្ទាប់ពីទឹកស្រកអស់
រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន១៩ខេត្ត បានទទួលពូជស្រូវ និងគ្រាប់ពូជដំណាំរួមផ្សំគ្រប់គ្នាហើយ ដើម្បីស្តារការដាំដុះឡើងវិញ បន្ទាប់ពីទឹកស្រកអស់ ។
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានមានប្រសាសន៍ថា គិតរហូតមកដល់ពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំង ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីនៅតាមបណ្តាខេត្ត បានរួមសហការគ្នា នាំយកនូវអំណោយ និង ចែកពូជស្រូវ ជាង ៦៤៣៤ តោន និងគ្រាប់ពូជដំណាំរួមផ្សំចំនួន៦មុខ សរុប ៥៨,២៤៧កញ្ចប់ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ តែទឹកជំនន់តាមបណ្តាខេត្តចំនួន ១៩ រួចរាល់អស់ហើយ។
ឯកឧត្តមបញ្ជាក់ថា ក្រសួងនិងបន្តសហការជាមួយគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរដែនដី គ្រប់បណ្តាខេត្តទាំងអស់ ចុះស្រាវជ្រាវពីតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីយកពូជស្រូវ និង ពូជដំណាំរួមផ្សំ ចែកជូនប្រជាពលរដ្ឋតាមសេចក្តីត្រូវការ។
»យើងមានយន្តការដែលមានចែងនៅក្នុងអនុក្រឹត្យ ស្តីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា នៅពេលដែលយើងជួបប្រទះ នូវគ្រោះធម្មជាតិ គឺមន្ទីរកសិកម្មខេត្តធ្វើការជាមួយអាជ្ញាធរតាមឃុំ ស្រុក រហូតដល់ខេត្ត ដើម្បីវាយតម្លៃផលប៉ះពាល់នៃការ ខូចខាត ក្រោយពីយើងបានទទួលតួលេខនៃផ្ទៃដីខូចខាតនិងចំនួនគ្រួសារដែលទទួលរងគ្រោះនោះ នៅពេលនោះ គឺអាជ្ញាធរខេត្តនិងស្នើសុំគ្រាប់ពូជស្រូវ និងគ្រាប់ពូជដំណាំផ្សេងៗទៅតាមតម្រូវការជាក់ស្ដែងមកក្រសួងកសិកម្ម ឬស្នើទៅ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបញ្ចេញពូជទៅតាមកម្រិតទំហំនៃការខូចខាត»។
ឯកឧត្តមបានបន្តទៀតថា បច្នុប្បន្ននេះក្រសួងបានចាត់មន្រ្តីជំនាញបច្ចេកទេស ចុះតាមដាន និងអប់រំកសិករ ដែលទទួលបាន គ្រាប់ពូជដំណាំ អំពីបច្ចេកទេសប្រើប្រាស់គ្រាប់ពូជ បច្ចេកទេសដាំដុះ ថែទំា និងវិធានកម្ចាត់សមាសភាពចង្រៃ ដើម្បីធានាការបង្កើនទិន្នផលឱ្យបានខ្ពស់ជាអតិបរមា ។
កាលពីពេលថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានណែនាំឱ្យមន្រ្តីក្រោមឱវាទ ត្រូវរៀបចំផែនការផលិតកម្ម ឱ្យបានច្បាស់លាស់ ដោយពិនិត្យទៅលើស្ថានភាពប្រភពទឹក និងបរិមាណទឹកដែលមាននៅតាមតំបន់នីមួយៗ សម្រាប់ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង ដើម្បីបញ្ចៀសការខ្វះខាតទឹកស្រោចស្រព នៅចុងរដូវដែលអាចបណ្តាលឱ្យថយចុះ ទិន្នផល ឬបាត់បង់ទិន្នផលស្រូវទំាងស្រុង៕