ព័ត៌មានជាតិ

ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញសំណេះ សំណាលជាមួយបងប្អូនសមាគមអ្នករត់ម៉ូតូឌុបក្នុងខេត្តប៉ៃលិន ដែលមានជីវភាពខ្វះខាត ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងកូវីដ-១៩

ខេត្តប៉ៃលិន ៖ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញសំណេះ សំណាលជាមួយបងប្អូនសមាគមអ្នករត់ម៉ូតូឌុបក្នុងខេត្តប៉ៃលិន ដែលមានជីវភាពខ្វះខាត ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងកូវីដ-១៩ ហើយពួកគាត់រកចំណូលមិនសូវបាន។
នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងចង់ដឹងពីសុខទុក្ខរបស់ ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា ប្រកបដោយសេចក្ដីស្រឡាញ់ចំពោះបងប្អូន និងក្រុមគ្រួសារជនរួមជាតិទាំងអស់។ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន និងនយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយកត្តាសន្តិភាពនេះ បានផ្តល់ឱកាសឱ្យយើង បានធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត មានទាំងនៅទីប្រជុំជនរហូតដល់ជនបទ។ ទាំងនេះជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង ហើយវាក៏បានជំរុញ នូវកំណើនសេដ្ឋកិច្ចគ្រួសារ ដោះស្រាយបានរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបន្តថា៖ ការជួបសំណេះសំណាលនេះ មានគោលបំណងដើម្បីចង់ដឹងពីសុខទុក្ខរបស់ បងប្អូនជាអ្នកម៉ូតូឌុបដែល មិនសូវបាននៅផ្ទះជាប់រវល់ក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាបណ្តាញសង្គម ពីព្រោះបងប្អូនជាអ្នករត់ម៉ូតូឌុប គឺជាភ្នាក់ងារសន្តិសុខដ៏សំខាន់ក្នុងការចូលរួមផ្តល់ព័ត៌មាននានា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេសការចូលរួមដ៏សកម្មរបស់បងប្អូនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
ក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល និងថ្នាក់ដឹកនាំខេត្ត ក៏បានឧបត្ថម្ភដល់បងប្អូនសមាគមអ្នករត់ម៉ូតូឌុប ក្នុងខេត្ត ប៉ៃលិនចំនួន ១៨៦ នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម ឃីដមួយកញ្ចប់ ត្រីខ១យួរ មី១កេស ផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button