ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យមើលសកម្មភាពការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋក្រោយពេលទឹកស្រកទៅវិញ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់​គ្រងគ្រោះ​មហន្ត​រាយបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ណាស់​លើការ​ស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋក្រោយពេលទឹកជំនន់បានស្រក​ទៅ​វិញ​​ព្រោះ​ការបង្កបង្កើនផលក្រោយទឹកជំនន់ជាកិច្ចការចាំបាច់ណាស់ដើម្បីដោះស្រាយ​បញ្ហា​ស្បៀងអាហារ និង​​ក្នុងជីវភាពរស់របស់ប្រជាពលរដ្ឋរងគ្រោះឱ្យមានភាពប្រសើរឡើង​វិញ​នោះ។ ​ការថ្លែងបែបនេះរបស់ឯកឧត្តមទេសរដ្ឋមន្រ្ដីបានធ្វើឡើងក្នុងឱកាសចុះទៅ​ពិនិត្យមើល​សកម្មភាពធ្វើស្រែរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ​កាលពីថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលខេត្តទាំងពីរនេះបានទទួលរងការជន់លិចយ៉ាងធ្ងន់ធ្ងរដោយ​សារជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃបានធ្វើឱ្យដំណាំស្រូវនិងដំណាំរួមផ្សំផ្សេងៗ រង​ការខូចខាតជាច្រើនហិកតា។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ការជួយជ្រោមជ្រែងការដាំដុះឡើងវិញ​របស់ប្រជាកសិករឱ្យមានប្រសិទ្ធភាពគឺជាបទបញ្ជាដាច់ណាត់មួយរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំទៅកាន់អាជ្ញាធរពាក់ព័ន្ធទាំងអស់។ ឯកឧត្តមទេសរដ្ឋមន្ត្រី​បានបន្ដថា ដើម្បីធានាដល់ការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ សម្តេចតេជោ​ប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាដល់ក្រសួងមុខព្រួញសំខាន់ៗចំនួន៣ រួមមាន ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួង​អភិវឌ្ឍន៍​ជនបទ​ ត្រូវធ្វើសកម្មភាពព្រមៗគ្នាក្នុងការចែកពូជស្រូវ ចែកពូជដំណាំ ជួសជុលប្រព័ន្ធ​ធារា​សាស្ត្រ ប្រឡាយទឹក និងផ្លូវនៅតាមទីជនបទជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ដទៀតថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ពូជស្រូវប្រមាណ ៦ពាន់តោន និងដំណាំរួម​ផ្សំជិត ៥៦ម៉ឺនកញ្ចប់​ត្រូវបានចែកជូនប្រជាកសិករដាំដុះឡើងវិញក្រោយពេល​ជំនន់ទឹកភ្លៀង​បាន​ស្រកទៅវិញ ហើយបច្ចុប្បន្នប្រជាកសិករ កំពុងតែមមាញឹកជាមួយការដាំដុះរបស់ពួកគេ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១​​ខែវិច្ឆិកា​ឆ្នាំ២០២០នេះ​ការងារដាំដុះស្តារឡើងវិញក្នុង​ខេត្តបាត់​ដំបង និងខេត្តបន្ទាយមានជ័យសម្រេចបានលទ្ធផលប្រមាណជាង៥០ភាគរយហើយ ក្នុងនោះ ខេត្តបាត់ដំបង ធ្វើស្រែបាន ៥ ៨៣១ ហិកតា លើផ្ទៃដីដែលអាចស្តារឡើងវិញបានចំនួន ១០ ៥០០ ហិកតា។ ចំពោះខេត្តបន្ទាយមានជ័យ ក៏បាន ៥ ១១៣​ហិកតា​លើផ្ទៃដីខូចខាតសរុប​ដែល​​អាចស្តារឡើងវិញ​បានចំនួន ១១ ១៦៩ ហិកតា។

​ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអំពាវនាវបន្ថែមទៅដល់អាជ្ញាធរពាក់ព័ន្ធ​ជាពិសេសនៅក្នុងខេត្តរងការជន់លិចឱ្យបង្កើនការយកចិត្តទុកដាក់និងជួយអន្តរាគមន៍ដល់ការដាំដុះរបស់ប្រជាកសិករ។

សម្រាប់ប្រជា​កសិកររងគ្រោះដែលកំពុងស្តារការដាំដុះស្រូវឡើងវិញបានសម្តែង​ការ​រីក​រាយ​ជាខ្លាំង ចំពោះការយកចិត្តទុកដាក់​និងការជួយឧបត្ថម្ភគាំទ្រពីប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​និងមន្ត្រីពាក់ព័ន្ធ ជាពិសេសចំពោះការចាត់ចែងផ្តល់ពូជស្រូវ និងការដោះស្រាយបញ្ហាទឹកពី​សម្តេចតេជោ ហ៊ុន សែន បានផ្តល់លទ្ធភាពឱ្យការធ្វើស្រែឡើងវិញទាន់​ពេលវេលានោះ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button