សិស្សានុសិស្សជាប់និទ្ទេស A ចំនួន ៦នាក់ ទទួលបានរង្វាន់លើកទឹកចិត្ត ពីថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលជាបេក្ខជនជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A ចំនួន ៦រូប ក្នុងខេត្តស្ទឹងត្រែង ក្នុងសម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ សម្រាប់ឆ្នាំសិក្សា២០២១។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន ស.ស.យ.ក, យុវជន ស.យ.ស.ស នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនកាកបាទក្រហមកាយរឹទ្ធផងដែរ។
នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង បានអបអរសាទរដល់សិស្សានុសិស្សដែលជាជ័យលាភីប្រឡងជាប់សញ្ញបត្រ មធ្យមសិក្សាទុតិយភូមិទាំង ៦រូបនេះ និងថ្លែងអរគុណចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការជួយជំរុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ការរៀន និងបង្រៀនពីចម្ងាយ តាមរយៈប្រព័ន្ធOnline និងការចុះបង្រៀនដល់ផ្ទះ ដែលទាំងនេះ ជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ–១៩ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សបានក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលខាងមុខ។
រង្វាន់ដែលប្រគល់ជូនសិស្សនិទ្ទេស A ចំនួន ៦នាក់ ដោយសិស្សម្នាក់ៗទទួលបានថវិកាចំនួន ៣.២០០.០០០រៀល លោកនាយកសាលា លោកគ្រូ អ្នកគ្រូចំនួន ២២នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ២០០.០០០រៀល និងសិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរឹទ្ធចំនួន ៦០នាក់ ម្នាក់ៗទទួលបានចំនួន ៣០.០០០រៀលផងដែរ៕