សំរាមដែលមនុស្សភាគច្រើនគិតថា ជាកាកសំណល់គ្មានតម្លៃ ប៉ុន្តែសំរាមក៏មានតម្លៃសម្រាប់កសិកម្ម និងសេដ្ឋកិច្ច
រាជធានីភ្នំពេញ ៖ សំរាមដែលមនុស្សភាគច្រើនគិតថា ជាកាកសំណល់គ្មានតម្លៃ ប៉ុន្តែយ៉ាងហោចណាស់ក៏មានក្រុមហ៊ុនមួយកំពុងតែប្រមូលយកវាមកកែច្នៃធ្វើជាវត្ថុធាតុដើមដើម្បីជំរុញផលិតកម្ម ដែលបានរួមចំណែកផ្តល់ការងារធ្វើជូនពលរដ្ឋដោយផ្ទាល់ចំនួន ៣៥រូប និងបានរួមសកម្មភាព ជួយដល់ដល់វិស័យកសិកម្ម ដែលជាវិស័យទ្រទ្រង់សេដ្ឋកិច្ចជាតិមួយដ៏ចំបងផងដែរ ។ ក្រុមហ៊ុននេះ ត្រូវបានគេដឹងថា គឺជាក្រុមហ៊ុនដែលកើតឡើងដោយការរួមសហការគ្នារវាង ជនជាតិខ្មែរ និងសិង្ហបុរី ដែលមានឈ្មោះថា ទ្វីង អាហ្រ្គី តិច (T.W.I.N Agri Tech Co., Ltd.) ។
លោក គីម នីដូ ជាស្ថាបនិក និងជានាយករដ្ឋប្រតិបត្តិនៃក្រុមហ៊ុន ទ្វីង អាហ្រ្គី តិច បានថ្លែងឱ្យដឹងថា៖ “ក្រុមហ៊ុនយើងខ្ញុំចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០១៣ ដោយយើងផ្ដោតសំខាន់ទៅលើបរិស្ថាន ទីពីរយើងផ្ដោតទៅលើវិស័យកសិកម្ម។ យើងបានព្យាយាមចូលរួមចំណែកនៅក្នុងការកាត់បន្ថយសំរាម ដោយយើងប្រមូលសំរាមនៅតាមផ្សារនៅរាជធានីភ្នំពេញ ដើម្បីផលិតជាជីកំប៉ុស បម្រើឱ្យកសិកម្ម និងកសិករនៅក្នុងប្រទេសកម្ពុជាយើងវិញ” ។
លោកបានបញ្ជាក់បន្តទៀតថា ក្រុមហ៊ុនលោកបានចាប់ផ្ដើមដំបូង មានតែពីរនាក់គត់ គឺរូបលោកផ្ទាល់ និងដៃគូជាជនជាតិសិង្ហបុរី បន្ទាប់មកមានកម្មករចំនួនពីរនាក់ ហើយរហូតមកដល់ឥឡូវនេះ មានបុគ្គលិក និងកម្មករ ដល់ទៅ៣៥នាក់ ។
រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានបរិមាណកាកសំណល់ប្រមាណជា ៣.០០០តោន នៅក្នុងមួយថ្ងៃៗ ដោយឡែកក្រុមហ៊ុន ទ្វីង អាហ្រ្គី តិច ក៏អាចចូលរួមចំណែកនៅក្នុងការកាត់បន្ថយបរិមាណសំរាមបានប្រមាណជា ពី៣០ ទៅ៤៥ តោនផងដែរ នៅក្នុងមួយថ្ងៃ ។
លោក គីម នីដូ បានបញ្ជាក់ថា៖ “ក្នុងមួយថ្ងៃយើងបានចូលរួមប្រមូលកាកសំណល់ពីផ្សារ ពីរោងចក្រ ពីសិប្បកម្មនៅក្នុងបរិមាណពី ៣០ ទៅ ៤៥ តោន” ។ លោកបានបន្ថែមទៀតថា សំរាមដែលក្រុមហ៊ុនលោកប្រមូលគឺជាសំរាមប្រភេទសរីរាង្គដែលវារលួយ ដូចជាបន្លែ កាកអំពៅ សំបកដូង និងកាកសំណល់សរីរាង្គមួយចំនួនទៀត ។ លោកបានបន្តថា៖ “ការប្រមូលនេះ យើងមានអ្នកភ្នាក់ងាររបស់យើងផ្ទាល់តែម្ដងដើម្បីប្រមូល ដោយយើងចែកគ្នាដើរតាមផ្សារ និងតាមកសិដ្ឋាន ព្រមទាំងរោងចក្រដែលកែច្នៃចំណីអាហារ និងមួយចំនួនទៀតគឺ បងប្អូនដែលជាលក់ដូង ឬមួយក៏ទឹកអំពៅ យកមកផ្តល់ជូនយើង ។ មកទល់ពេលនេះ បើនិយាយអំពីកាកសំណល់សរីរាង្គគឺមានច្រើនដែលអាចប្រមូលបាន ពីតាមផ្សារ តាមផ្ទះបាយ តាមភោជនីយដ្ឋាននានា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមហ៊ុននៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីទាញយកកាកសំណល់ទាំងនេះអស់នៅឡើយទេ។ លោក គីម នីដូ បានឱ្យដឹងទៀតថា៖ “ជាទូទៅ នៅផ្សារដើមគរ គឺមានសក្តានុពលសំរាមទាញយកធ្វើជាជីកំប៉ុសប្រមាណជា ៤០ តោនក្នុងមួយថ្ងៃ ប៉ុន្តែយើងអាចស្រូបយកប្រមាណត្រឹមតែប្រហែល ១0 តោនតែប៉ុណ្ណោះ” ។ នៅក្នុងមួយខែ ក្រុមហ៊ុនទ្វីង អាហ្រ្គី តិច អាចផលិតជីកំប៉ុស ក្នុងបរិមាណចំនួនពី ៣០០ ទៅ ៥០០ តោន តែបើនៅរដូវប្រាំង គឺអាចមានសមត្ថភាពផលិតបានរហូតដល់ទៅ ១.០០០តោន ។
យោងតាមការពន្យល់របស់លោក គីម នីដូ ជាទូទៅនៅក្នុងសំរាម ១តោន គេអាចផលិតបានជាជីកំប៉ុសត្រឹមតែប្រហែលជាពី ៥០ ទៅ ១២០ គីឡូក្រាមតែប៉ុណ្ណោះ។ ដើម្បីផលិតជីកំប៉ុសបានគេត្រូវការពេលវេលា តាំងពីការចាប់ផ្ដើមប្រមូលសំរាមរហូតផលិតជីកំប៉ុស នៅក្នុងរង្វង់ប្រហែលជា ៤៥ថ្ងៃ ទៅ៦០ថ្ងៃ ។ រីឯតម្លៃនៃជីកំប៉ុសផលិតបានវិញ គឺលក់ចេញនៅក្នុងមួយតោនត្រឹមតែ ១២៥ដុល្លារ តែប៉ុណ្ណោះ ។