ព័ត៌មានជាតិ

អាជីវករមួយចំនួនធំបានយល់ដឹងច្រើនអំពីសុវត្ថិភាពចំណីអាហារ និងចូលរួមសហការជាមួយមន្រ្តីជំនាញ

ខេត្តតាកែវ ៖ មន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តតាកែវ បានធ្វើការអះអាងថា ក្រុមអាជីវករភាគច្រើន គឺពួកគាត់​បា​ន​យល់ដឹងកាន់តែច្រើនអំពីសុវត្ថិភាពចំណីអាហារ ដោយដាក់លក់ទំនិញ និងចំណីអាហារដែលមានអនាម័យត្រឹមត្រូវ និងរកពុំឃើញសារធាតុគីមីនៅលើចំណីអាហារដូ​ច​មុននោះទេ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានបញ្ចប់ការត្រួតពិនិត្យទំនិញ និងចំណីអាហារជាច្រើនមុខ នៅក្នុងផ្សារតាកែវ នាព្រឹកថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២០ លោក ប៉ោ លាងគង់ ប្រធានកបបខេត្ត បានមានប្រសាសន៍ថា នៅក្នុងការចុះត្រួតពិនិត្យទំនិញនេះ មន្រ្តីជំនាញរបស់យើងបានធ្វើតេស្ត៍បឋមទៅលើចំណីអាហារមួយចំនួនធំ និងពិនិត្យទៅលើគ្រឿងកំប៉ុងឃើញថា មានភាពត្រឹមត្រូវច្រើន ពោលគឺរកពុំមានសារធាតុគីមី និងទំនិញហួសកាលបរិច្ឆេទអ្វីឡើយ ព្រោះតែពេលនេះពួកគាត់មានការយល់ដឹងច្រើនអំពីសុវត្ថិភាព និងគិតគូរអំពីសុខភាពរបស់អ្នកទិញ ពិសេសតាមរយៈការចុះមកត្រួតពិនិត្យជាប់ជាប្រចាំ ក៏ដូច​ជា​ការអប់រំណែនាំបន្ថែមពីមន្រ្តីជំនាញកបប ។លោក ប៉ោ លាងគង់ បន្ថែមទៀតថា សុវត្ថិភាពចំណីអាហារនេះ វាពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សទូទៅ ព្រោះក្រុមអាជីវករ លក់ទំនិញ និងចំណីអាហារដែលមានអនាម័យល្អត្រឹមត្រូវ និងគ្មានសារធាតុគីមី វានឹងឲ្យអ្នកទិញយកមកបរិភោគ នឹងមានសុខភាពល្អរឹងមាំ ជៀសផុតពីជម្ងឺផ្សេងៗ ដូច្នោះបញ្ហាសុវត្ថិភាពចំណីអាហារនេះ ក្នុងនាមយើងជាមន្រ្តីជំនាញកាំកុងត្រូល គឺនៅតែចុះត្រួតពិនិត្យទំនិញនៅលើទីផ្សារជាប់ជាប្រចាំ ពោលគឺមិនឲ្យទីផ្សាររបស់យើងពោរពេញទៅដោយអាហារគីមី និងទំនិញមិនស្អាតល្អនោះទេ ។

ជាមួយគ្នានេះដែរ លោក ប៉ោ លាងគង់ ក៏បានបញ្ជាក់ដែរថា ក្នុងនោះដែរ មន្រ្តីជំនាញរបស់យើង បានចុះចែក Poster ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករឲ្យកាន់តែមានការយល់ដឹងកាន់តែខ្លាំងថែមទៀត ព្រោះPosterនេះដែរ មានរូបភាពជាច្រើនពាក់ព័ន្ធនឹងការយល់ដឹងអំពីចំណីអាហារ ក៏ដូចជាការរបៀងនៃការលក់ដូរយ៉ាងម៉េចឲ្យមានភាពត្រឹមត្រូវ និងមានអនាម័យ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button