ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ បានអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលរងការគំរាមកំហែង និងជន់លិច ក្នុងភូមិសាស្ត្រប្រឡាយ៩៤ និងប្រឡាយ៩៦
ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ ស្រុកណ្តាលស្ទឹង និងស្រុកស្អាង បានអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលរងការគំរាមកំហែង និងជន់លិច ក្នុងភូមិសាស្ត្រប្រឡាយ៩៤ និងប្រឡាយ៩៦ ស្ថិតនៅឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងសង្កាត់កំពុងសំណាញ់ក្រុងតាខ្មៅ ព្រមទាំងចុះពិនិត្យការស្តារកាយបើកមុខរំដោះទឹក នៅក្នុងស្រុកស្អាង ដើម្បីបញ្ជៀសការជន់លិចក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ។
ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់រដ្ឋបាលស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ត្រូវអញ្ជើញប្រជាពលរដ្ឋដែលកំពុងរងការជន់លិចមកទីទួលសុវត្ថិភាព ដោយមិនអនុញាតិអោយមានប្រជាពលរដ្ឋណាម្នាក់បន្តរស់នៅតំបន់រងការជន់លិចនេះឡើយ ព្រោះថាស្ថានភាពទឹកជំនន់នាពេលនេះនៅតែបន្តមានការកើនឡើងជាបន្តបន្ទាប់ដែលអាចបង្កអោយមានគ្រោះថ្នាក់ជាយថាហេតុ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរជំនាញត្រូវរៀបចំទឹកស្អាត បង្គន់អនាម័យ សំរាប់ប្រជាពលរដ្ឋដែលមកស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព ហើយគណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ការពារសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលមកស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព៕