ព័ត៌មានជាតិ

អបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ និងដាំដើមឈើ ចំនួន ១៥៨៣ដើម នៅស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធី អបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ និងដាំដើមឈើ ចំនួន ១៥៨៣ដើម នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង និងលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ ចំពោះខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ដែលបានយកចិត្តទុកដាក់បណ្ដុះកូនឈើ និងដាំកូនឈើនាពេលនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល រាល់ការដាំដើមឈើទាំងប៉ុន្មានដើមនៅថ្ងៃនេះ ត្រូវតែមើលថែ ថែទាំ ស្រោចទឹកអោយឈើនេះលូតលាស់ធំទៅៗ ចៀសវាងឆ្នាំក្រោយមានតែដីមិនមានដើមឈើដែលយើងបានដាំនៅថ្ងៃនេះ។
ឯកឧត្តមអភិបាលខេត្ត បន្តថា៖ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ នេះ គឺដើម្បីបណ្ដុះឱ្យមានស្មារតីចូលរួមក្នុងការដាំដើមឈើ និងយល់ពីអត្ថប្រយោជន៍នៃដើមឈើ ព្រោះថាការដាំដើមឈើបានច្រើន ធ្វើឱ្យមានចីរភាពនៃបរិស្ថានធម្មជាតិ ដែលយើងគ្រប់គ្នាអាស្រ័យលើធម្មជាតិ ហើយបើខ្វះបរិស្ថានធម្មជាតិល្អ នោះជីវិតមនុស្ស សត្វ ដែលពឹងលើធម្មជាតិអាចនឹងមានការប្រែប្រួល។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូ ដើម្បីអនាគតកូនចៅយើងជំនាន់ក្រោយ ក្រៅពីសាលារៀន វត្តអារ៉ាម និងទីសាធារណៈ អោយតែមានដីទំនេរសូមនាំគ្នាដាំដើមឈើទាំងអស់គ្នា។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានជម្រាប និងពន្យល់អំពីស្ថានភាពនយោបាយក្នុងប្រទេសបច្ចុប្បន្ន ដែលក្រុមទុច្ចរិត អគតិកំពុងញុះញង់បង្កចលាចលលើបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (DTA)។ ឯកឧត្តមថែមថា៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម មិនបានធ្វើឱ្យយើងបាត់បង់ទឹកដីដូចក្រុមទុច្ចរឹតកំពុងញុះញង់នោះឡើយ តែបានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិផលរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍជាហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការងារជូនពលរដ្ឋ កំណើនមនុស្សរស់នៅតំបន់‌នោះ និងទេសចរណ៍ នោះទើបជាការការពារបូរណភាពទឹកដីពិតប្រាកដ។
ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថា៖ អតីតកាលដែលយើងមិនទាន់មានការអភិវឌ្ឍន៍ យើងពិបាកធ្វើដំណើរ ទៅតំបន់នោះតាមផ្លូវគោកណាស់ តែបន្ទាប់ពីមានការអភិវឌ្ឍន៍យើងមានផ្លូវជាច្រើនខ្សែ ពិសេសយើងមានផ្លូវក្រវ៉ាត់ព្រំដែន ហើយយើង និងមានប្រជាពលរដ្ឋរស់នៅទីនោះច្រើន ក្នុងករណីមានការឈ្លានពានណាមួយប្រជាពលរដ្ឋនៅទីនោះនឹងរាយការណ៍អោយយើងដឹង ដែលនេះជាផ្លែផ្កានៃការអភិវឌ្ឍន៍នៅទីនោះ។
ឯកឧត្តមអភិបាលខេត្ត ស្នើឱ្យយុវជន ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា សូមថែរក្សាការពារសន្តិភាព ស្ថេរភាព ដែលជាឱកាសក្នុងការអភិវឌ្ឍប្រទេស ដើម្បីភាពថ្កុំថ្កើងយូរអង្វែងតទៅរបស់យើងទាំងអស់គ្នា។
លោក អំ ចាន់បូរិត នាយខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល បានឱ្យដឹងថា៖ ក្នុងឆ្នាំ២០២៤នេះ ខណ្ឌរដ្ឋបាលព្រៃឈើធ្វើការបណ្តុះកូនឈើបានចំនួន ៦០ ២១៨ដើម ហើយបានធ្វើការផ្តល់ជូនក្រុង ស្រុក ឃុំ សង្កាត់យកទៅដាំតាមទីសាធារណៈក្នុងមូលដ្ឋាន អង្គភាពនានា និងប្រជាពលរដ្ឋសរុបចំនួន ៥២ ៦៩៥ដើម ហើយការដាំដើមឈើ រុក្ខទិវា ឆ្នាំ២០២៤នេះ បានកំណត់យកទីតាំងបរិវេណវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង និងនៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅឃុំឆក់ឈើនាង ឃុំពើក ឃុំលំហាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយដាំ សងខាងផ្លូវ មានប្រវែង ១៤ ៦៧៣ ម៉ែត្រ បានដាំកូនឈើក្ងោកចំនួន ១៥៨៣ដើម ហើយក្នុងពិធីនេះដែរក៏បានត្រៀមកូនឈើ ចំនួន ៥ ០០០ដើមទៀត សម្រាប់ផ្តល់ជូនរដ្ឋបាលស្រុក ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួមដើម្បីយកទៅដាំនៅតាមទីសាធារណៈ និងភូមិឋានផងដែរ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button