គ្រាប់ត្នោតចំនួន១០ម៉ឺនគ្រាប់ ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង នាំយកទៅដាំនៅតាមដងផ្លូវអភិវឌ្ឍន៍ថ្មីកម្ពុជា-ឡាវ ដើម្បីបង្ហាញពីជំហការពារទឹកដី និងបណ្តុះឲ្យមានដើមត្នោតនៅតាមខ្សែបន្ទាត់ព្រំដែន
ខេត្តស្ទឹងត្រែង ៖ គ្រាប់ត្នោតចំនួន១០ម៉ឺនគ្រាប់ត្រូវបានអាជ្ញាធរខេត្តនាំយកទៅដាំនៅតាមដងផ្លូវអភិវឌ្ឍន៍ថ្មីកម្ពុជា-ឡាវ ដើម្បីបង្ហាញពីជំហ៊ការពារទឹកដី និងបណ្តុះឲ្យមានដើមត្នោតនៅតាមខ្សែបន្ទាត់ព្រំដែនសំរាប់ឲ្យកូនចៅជំនាន់ក្រោយបានឃើញនិងបានស្គាល់ ពីមរតកដូនតា គឺត្នោតខ្មែរថែទឹកដីសុវណ្ណភូមិ។
នៅក្នុងពីធីដាំដើមត្នោតនៅតាមផ្លូវអភិវឌ្ឍន៍ព្រំដែនកម្ពុជា-ឡាវកាលពីថ្មីៗនេះ ឯកឧត្តមម៉ុមសារឿន អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖នៅពេលដែលដើម ឆ្នោតនេះដុះលូតលាស់បានល្អ សមិទ្ធផលនេះនឹងក្លាយទៅជាសម្បត្តិវប្បធម៌សំរាប់កូនចៅយើងជំនាន់ក្រោយៗបានឃើញនិងបានស្គាល់ពីអត្តសញ្ញាណផង ហើយយើងក៏អាចថែរក្សានូវបូរណភាពទឹកដីរបស់កម្ពុជានៅតាមព្រំដែននេះផង។
ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍បន្ថែមថា អ្វីដែលសំខាន់ជាងនេះទៀតនោះអាចបណ្តុះគំនិតឲ្យប្រជាពលររដ្ឋយើងចេះថែរក្សាទឹកដី ព្រៃព្រឹក្សាសម្បត្តិធម្មជាតិ ហើយពេលដើមត្នោតដាំដុះលូតលាស់ហើយត្រូវរួមគ្នាថែរក្សាឲ្យបានល្អចៀសវាងកុំឲ្យមានភ្លើងឆេះ ហើយអនាគតកូនចៅជំនាន់ក្រោយរស់នៅជិតខ្សែមន្ទាត់ព្រំដែន និងបានទទួលភោគផលពីដើមត្នោតនេះ។
លោកជា វាសនា ប្រជាពលរដ្ឋរស់នៅភូមិឬទ្ធីសែនជ័យ ស្រុកបុរីអូរស្វាយ បានទទួលស្គាល់ថា៖សមិទ្ធផលដើមត្នោតនេះពិតជាបានបញ្ជាក់ពីអត្តសញ្ញានជាតិរបស់ជាតិខ្មែរមួយវិញទៀតនិងធ្វើឲ្យមានសោភណ្ឌភាពនៅតាមព្រំដែនផង ហើយអាចប្រែក្លាយតំបន់នេះឲ្យទៅជាទីកន្លែងទេសចរណ៏បានថែមទៀត។
សូមបញ្ចាក់ថា៖ នេះជាលើកទី ៣ ហើយដែលអាជ្ញាធរខេត្ត បាននាំយកគ្រាប់ត្នោតទៅដាំនៅតាមបន្ទាត់ព្រំដែនចាប់ពីចំណុចបង្គោលព្រំដែនលេខ០៧១ទៅដល់បង្គោលព្រំដែនលេខ ០៧៨នៅតាមបណ្តាយផ្លូវអភិវឌ្ឍន៍ក្នុងទឹកដីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ៕