សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន ត្រៀមរៀបចំប្រតិភូនារី ចូលក្រាបថ្វាយបង្គំគាល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសប្រារព្ធពិធីចម្រើនព្រះជន្មនាពេលខាងមុខនេះ
រាជធានីភ្នំពេញ ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន ត្រៀមរៀបចំប្រតិភូនារី ចូលក្រាបថ្វាយបង្គំគាល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសប្រារព្ធពិធីចម្រើនព្រះជន្មនាពេលខាងមុខ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំប្រតិភូនារីក្រសួងព័ត៌មាន ចូលក្រាបថ្វាយបង្គំគាល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅទីស្តីការក្រសួង នាថ្ងៃទី១០ ខែមិថុនា លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន បានលើកឡើងនូវផែនការសកម្មភាពការងារសំខាន់ៗមួយចំនួនដែលសម្រេចអនុវត្តបាននាពេលកន្លងមក ដើម្បីដាក់នៅក្នុងរបាយការណ៍ សម្រាប់យកទៅទួលថ្វាយម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នាពេលខាងមុខនេះ។ ជាមួយនេះ ក៏លើកពីផែនការការងារ ដែលត្រូវធ្វើយ៉ាងណាអោយបានកាន់តែល្អ មុនចូលក្រាបបង្គំគាល់ ទាំងការស្លៀកសំលៀកបំពាក់ ការរៀបចំសមាសភាពគណៈប្រតិភូ ដែលត្រូវចូលរួម ក៏ដូចកំណត់ពេលវាលាគ្នាអោយបានច្បាស់ ពិសេសការចូលរួមគ្នាជាថវិកា ដើម្បីយកទៅថ្វាយ ដើម្បីចូលរួម ក្នុងសកម្មភាពមនុស្សធម៌ ជាមួយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ កិច្ចប្រជុំបានឯកភាពគ្នាជាគោលការណ៍រួម ដើម្បីត្រៀមទៅចូលក្រាបថ្វាយបង្គំគាល់សម្ដេចព្រះមហាក្សត្រី គឺ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។
ក្នុងកិច្ចប្រជុំនោះដែរ លោកជំទាវ ប្រធានិកិត្តិយស ប្រធាន អនុប្រធាន សមាជិកអចិន្ត្រៃយ៍ និងសមាជិកកិតិ្តយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មានទាំងអស់ ក៏បានលើកពីផែនការសម្មភាពការងារ ក្នុងការបន្តជួយដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា កុមារពិការ ក៏ដូចជាការបន្តបើកវគ្គបណ្តុះបណ្តាល ផ្តល់ការយល់ដឹងដល់បងប្អូននារី នៅក្នុងក្រសួងព័ត៌មាន អោយយល់ដឹងពីផ្នែកច្បាប់ បញ្ហាដ៏ទៃផ្សេងៗទៀត សំដៅធ្វើយ៉ាងណា រួមចំណែកលើកកម្ពស់ សមភាពយ៉េនឌ័រ ដែលជាយុទ្ធសាស្រ្តគន្លឹះមួយ ផ្តល់ឱកាសដល់ស្រ្តី និងការអនុវត្តសិទ្ធិស្មើ ភាពរវាងបុរស និងស្រ្តី ជាបន្តទៅមុខទៀត៕