ព័ត៌មានជាតិ

កម្ពុជាជំរុញការអភិរក្សសត្វខ្សឹប ឬ ក្ងោកទេព ឬ ទ្រមាក់អណ្ដើក សំដៅបង្កើនធនធានជីវៈចម្រុះ និងបម្រើដល់វិស័យអេកូទេសចរណ៍ ខណៈវត្តមានបក្សីមួយនេះនៅសល់តិចតួចបំផុតនៅលើពិភពលោក

ខេត្តកំពង់ធំ ៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កម្ពុជាជំរុញការអភិរក្សសត្វខ្សឹប ឬ ក្ងោកទេព ឬ ទ្រមាក់អណ្ដើក សំដៅបង្កើនធន​ធា​នជីវៈចម្រុះ និងបម្រើដល់វិស័យអេកូទេសចរណ៍ ខណៈវត្តមានបក្សីមួយនេះនៅសល់តិចតួចបំផុតនៅលើពិភពលោក។
លោ​ក ស៊ុម ភារុណ ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សសត្វខ្សឹបនៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ហៅកាត់ WCS បា​ន​បញ្ជាក់ថា ការអភិរក្សសត្វស្លាបដ៏កម្រនេះអាចធ្វើបានដោយរក្សាទីជម្រក វាលស្មៅនៅតំបន់ការពារទេសភាពទំនាបខាងជើ​ង​ទន្លេសាប ដើម្បីជាប្រភពផ្តល់ចំណី និងពួកវាពងកូននៅរដូវប្រាំង។
ថ្លែ​ងក្នុងឱកាសប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញអង្គការអភិរក្សសត្វព្រៃ ព្រមទាំងអ្នកសារព័ត៌មានចុះទ​ស្ស​នា​គ​ម្រោ​ង​​​អភិក្សសត្វខ្សឹប ក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប  ស្ថិតក្នុងភូមិសាស្ត្រឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ​ ​កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុម ភារុណ បានបញ្ជាក់ថា ចំនួនសត្វក្សឹបនៅកម្ពុជា កំពុងទទួលរងនូវការគំ​រា​ម​កំហែងយ៉ាងធ្ងន់ធ្ងរតាមរយៈការបាត់បង់ទីជម្រក ដោយសារការបំលែងដីវាលស្មៅធម្មជាតិទៅជាវាលស្រែប្រាំង ប្រព័ន្ធធា​រា​សា​ស្ត្រ​ ការបរបាញ់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងផលប៉ះពាល់ពីខ្សែរបណ្តាញអគ្គិសនីដែលបណ្តាលឲ្យមានការហើរបុកស្លា​ប​​​ជារឿយៗ។ លោកឲ្យដឹងថា ចំនួនសត្វខ្សឹបនៅកម្ពុជា ដែលត្រូវបានប៉ាន់ប្រមាណនៅក្នុងឆ្នាំ២០១៨ មានចំនួនប្រ​ហែ​ល​១០​៤​ក្បា​ល បន្ទាប់ពីការជំរឿនកាលពីឆ្នាំ២០០៧មានចំនួនប្រមាណ៣៧០ក្បាល ស្មើនឹង៥៧,១៤ភាគរយ នៃចំនួនសរុបនៅលើពិ​ភព​លោ​ក ហើយកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសឥណ្ឌា នេប៉ាល់ និងបង់ក្លាដេសដែលមានវត្តមានសត្វស្លាបប្រភេទនេះនៅ​លើពិភពលោក។
បើ​តាមការឲ្យដឹងរបស់ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វខ្សឹបនៅកម្ពុជាច្រើនរស់នៅតំ​ប​ន់បឹងទន្លេសាប និងអាចធ្វើការពងកូនម្តង បានចំនួនត្រឹមតែ២តែប៉ុណ្ណោះ ដែលកត្តានេះទាមទារការអភិរក្ស និងការពារពី​កា​រគំរាមគំហែងផ្សេងៗ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមគ្នាជាមួយ ក្រុមអង្គការអភិរក្សព្រៃឈើ និងសត្វព្រៃ បានសហការគ្នាគាំទ្រដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ចូលរួមការពារ និងអ​ភិ​​រក្សសត្វខ្សឹប តាមរយៈការពារទីជម្រក និងបញ្ឈប់ការបរបាញ់សត្វគ្រប់ប្រភេទ។
លោ​ក ញ៉ឹប ញឿន អ្នកសម្របសម្រួលសហគមន៍នៃគម្រោងអភិរក្សសត្វខ្សឹបរបស់អង្គការ WCS បានឲ្យដឹងថា តំបន់ការពារទេ​ស​​​ភាពនេះ ប្រជាពលរដ្ឋអាចទទួលប្រាក់ចំណូលពីការយាមសំបុកសត្វខ្សឹប ដែលក្នុងមួយសំបុកៗ មានចំនួនទឹក៤០ដុល្លារអា​មេ​រិ​ក​។
ក្រសួងបរិស្ថាន បានឲ្យដឹងថា តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាបគ្របដណ្តប់លើផ្ទៃដីជាង៣ម៉ឺនហិ​ក​តា​(៣​១​.១៥​៩​ហិ​កតា)នៅក្នុងខេត្តកំពង់ធំ និងសៀមរាប ហើយក៏ជាទីជម្រកចុងក្រោយរបស់សត្វខ្សឹបនៅក្នុងប្រទេសកម្ពុជា៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button