កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះធ្វើការត្រួតពិនិត្យ និងផាកពិន័យរថយន្តដឹកខ្សាច់នៅលើផ្លូវជាតិលេខ២១A ក្រុងតាខ្មៅ
ខេត្តកណ្តាល ៖ អនុវត្តតាមស្មារតីវេទិកាសាធារណៈ រវាងប្រជាពលរដ្ឋ ជាមួយរដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២០ កំលាំងស្នងការនគបាលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះធ្វើការត្រួតពិនិត្យ និងផាកពិន័យរថយន្តដឹកខ្សាច់នៅលើផ្លូវជាតិលេខ២១A ក្រុងតាខ្មៅ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានថ្លែង បន្ទាប់ពីមានការលើកឡើងពីប្រជាពលរដ្ឋក្នុងវេទិការសាធារណៈ កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅថ្មីៗនេះ ដោយបានត្អូញត្អែពីកង្វល់របស់ពួកគាត់ ពិសេសការលើកឡើងពីក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សិត្បូ សង្កាត់ស្វាយរលំ និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពីផលប៉ះពាលទៅលើរថយន្តដឹកខ្សាច់ចេញពីដេប៉ូ។
ដើម្បីដោះស្រាយបញ្ហានេះជូនបងប្អូនប្រជាពលរដ្ឋ លោកស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញចរាចរណ៍ ចុះធ្វើការត្រួតពិនិត្យទៅលើរថយន្តដឹកខ្សាច់នេះ ក្រោយការដឹកនាំដោយផ្ទាល់ពី ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និងអ្នកបើកបរ ។ ចំពោះរថយន្ត និងអ្នកបើកបរណាល្មើសច្បាប់ និងត្រូវបញ្ជូនទៅធ្វើការផាកពិន័យតាមច្បាប់បានកំណត់ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ហើយប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃនៅលើផ្លូវជាតិលេខ២១A រហូត ម្ចាស់អាជីវកម្មរថយន្តដឹកខ្សាច់ទាំងអស់រៀងចាល ហើយចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា ៕