ព័ត៌មានជាតិ

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជា​​​មួយមន្ត្រីរាជការ និងមន្ត្រីចូលនិវ​ត្តន៍នៅសាលាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃច័ន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំ​ណេះ​សំ​​ណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍នៅសាលាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំ​ទា​វ​ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការសាលាខេត្ត។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ថ្ងៃនេះជាខួប ០១ឆ្នាំនៃការចូលកាន់តំណែងអភិបាលខេត្តព្រះ​សីហនុរបស់ឯកឧត្តម ដោយផ្អែកលើស្ថានភាពសង្គមបញ្ហាប្រឈមនឹងកូវីត-១៩ រាជរដ្ឋាភិបាលបានវាយតម្លៃពីផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ។ តាមស្ថិតិរបស់ក្រសួងផែនការនៅឆ្នាំ២០១៧- ២០១៨ យើងមានប្រជាជនក្រីក្រចំនួន ៣,៩​៧​៧​​​គ្រួ​​​សារ ចំពេលដែល កូវីត-១៩ កំពុងវាយលុកនៅទូទាំងពិភពលោក ក្រសួងផែនការសហការជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ ស​​​ង្កាត់ ចុះធ្វើជំរឿនប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់នឹងកូវីត-១៩ មានចំនួន ១,២៣៤គ្រួសារបន្ថែមទៀត កម្ពុជាមានប្រជាព​ល​រដ្ឋក្រីក្ររងផលប៉ះពាល់សរុប ៤,២១១គ្រួសារ ពួកគាត់ទទួលបានបា្រក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រយៈពេលមួយឆ្នាំកន្លងមកយើងទទួលបានសមិទ្ធិផលជាច្រើន ដោយសារការចូលរួមខិត​ខំ​​​ប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ រក្សាការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងនោះបង្ក្រាបបទល្មើសបានចំនួន ៥០៧ករណី ឃាត់ខ្លួនជនសង្ស័យ ១,១៨៥នាក់ ក្នុងនោះបទល្មើសឧក្រិដ្ឋ ៩៧ករណី បទល្មើសមជ្ឈឹម ៤១០ករណី ដកហូតអាវុធវែងបាន ៤ដើម អាវុធខ្លី ៣៦ដើម និងគ្រាប់ ៣,០៣៨គ្រាប់ ។ បង្ក្រាបគ្រឿងញៀនចំនួន ៣០០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៦៥៦នាក់ ដកហូតថ្នាំញៀនគ្រប់ប្រភេទបាន ៣៣,៦៨គីឡូក្រាម ។

ឯកឧត្តមបន្តថា ការងារអភិវឌ្ឍន៍មូលដ្ឋានតាមគោលការណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមគោលការណ៍ស្លឹកត្នោត ខ្ចប់ស្ករត្នោតលើគម្រោងស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ ស​ម្រេ​​​​​​ចបាន ៩៨ភាគរយ និងការរៀបចំខឿនក្រាលការ៉ូឡា ដាំដើមឈើ-ដាំផ្កា បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុបចរាចរណ៍ និងកាំម៉ារ៉ាសុវត្ថិភាពចំនួន៥៣៣គ្រាប់។ ម្យ៉ាងទៀត ការប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល ដល់ក្រសួងសាធារណការ និង​ដឹ​កជញ្ជូនក្នុងការស្ថាបនាផ្លូវចំនួន ១២ខ្សែ ប្រវែង ៥៨,៨៤៨ម៉ែត្រ ការស្ដារអូរ ប្រឡាយធម្មជាតិ ៥ខ្សែ ប្រវែង ១១​,០​៨​៧ម៉ែត្រ។ ក្រៅពីនោះថវិកាថ្នាក់ក្រោមជាតិ ជួសជុលសាលាមត្តេយ្យសហគមន៍ចំនួន០៥ទីតាំង ជួសជុលផ្លូវបេតុងចំនួន១៦ខ្សែ ប្រ​វែង ៨.៩៣៦ម៉ែត្រ ជួសជុលផ្លូវអ៊ុតកៅស៊ូ AC ១ខ្សែ ប្រវែង ៤៤០ម៉ែត្រ និងផ្លូវកសាងដោយសប្បុរសជន ៤ខ្សែ ប្រវែង ៣,៨​២៥ម៉ែត្រ។ ការងាររៀបចំ កែលម្អសម្អាតឆ្នេរសមុទ្របានប្រវែង ១៦,៩៤០ម៉ែត្រ រៀបចំខ្ចុសតាមគំរូគណកម្មការឆ្នេរ ៤៣ខ្ចុស។ សមិទ្ធិផលនេះ ដោយមានការចូលរួមគាំទ្រពីមន្ត្រីរាជការ និងមហាជន យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើសម្រាប់ប្រជាពលរដ្ឋ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា រដ្ឋបាលខេត្តបន្តលើកទឹកចិត្តដល់អ្នកវិនិយោគមកសុំចុះបញ្ជីនៅច្រកចេញចូលក្រុង-ខេត្ត ដើម្បីឱ្យខេត្តមានលទ្ធភាពក្នុងការប្រមូលពន្ធយកមកធ្វើការកសាង អភិវឌ្ឍន៍ខេត្តរបស់យើងបន្តទៀត ព្រមទាំងណែនាំឱ្យមន្ត្រីត្រូវខិតខំបំរើសេវាជូនប្រជាពលរដ្ឋឆ្លើយតបទៅនឹងការស្នើសុំសេវារបស់ប្រជាពលរដ្ឋ ក៍ដូចអាជីវករ ពាណិជ្ជករ តាមរយៈច្រកចេញ-ចូលតែមួយ ព្រោះយើងជាមន្ត្រី ជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋហាមដាច់ខាតការទាលុយសេវាក្រៅពីប្រជាពលរដ្ឋ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button