ក្រុមហ៊ុនម៉ុងឫទ្ធី គ្រោងនាំផលិតផលស្វាយទៅទីផ្សារប្រទេសចិន នៅចុងខែមេសាខាងមុខនេះ
ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុនម៉ុងឬទ្ធីស្ទឹងត្រែង គ្រោងនាំយកផលិតផលស្វាយលើកទីមួយ ទៅកាន់ទីផ្សារប្រទេសចិន នៅចុងខែមេសាខាងមុខនេះ ខណៈក្រុមហ៊ុនបានផ្លាស់ប្តូរផ្ទៃដីពីការដាំកៅស៊ូ មកដាំដំណាំស្វាយ ទទួលបានផលល្អ ។
ក្នុងសកម្មភាពត្រួតពិនិត្យគុណភាពផ្លែស្វាយនៅក្រុមហ៊ុនម៉ុងឬទ្ធីស្ទឹងត្រែង ស្ថិតនៅភូមិឬទ្ធីសែនជ័យ ឃុំ ស្រុកបុរូអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៦មិនាឆ្នាំ២០២០លោក គូជុងតំណាង ឲ្យជនជាតិចិនទទួលផ្នែកបច្ចេកទេសដាំដុះនិងថែទាំដំណាំស្វាយបានបញ្ជាក់ថា៖នៅចុងខែមេសាខាងមុខនេះក្រុមហ៊ុននឹងចាប់ផ្តើមប្រមូលផលនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទិន្នផលស្វាយនាំចេញនេះមានចំនួន២ប្រភេទមុនគេទីមួយពូជ(យូវីន)ព៌ណក្រហមនិងទី២ពូជ(យូវិន)ព៌ណសត្រូវនាំចេញមុនគេ ហើយទីផ្សារតម្រូវជ្រើសរើសយកតែផ្លែខ្នាតលេខ១ ក្នុងស្វាយមួយផ្លែមានទម្ងន់ចាប់ពី ០.៥០គីឡូក្រាមឡើង ទៅដល់ ១ស្មើនឹង ២គីឡូក្រាម ទើបយកទៅកាន់ទីផ្សារ ចំណែកក្រៅពីនោះ ទុកធ្វើចរាចរណ៍លក់ដូរនៅក្នុងស្រុក ។
លោក មិល ពិសី នាយកប្រតិបត្តិក្រុមហ៊ុនបានបញ្ជាក់ថា ៖ នៅឆ្នាំ២០២០នេះ ក្រុមហ៊ុនដាំស្វាយ ៤០០០ហិកតាបន្ថែមទៀត ហើយកម្មករក៏នៅតែបម្រើការងារនៅក្នុងក្រុមហ៊ុនជាធម្មតា គ្រាន់តែមិនទាន់បានជ្រើសរើសចូលថ្មីទេ ព្រោះយើងកំពុងអនុវត្តការបង្ការជម្ងឺឆ្លងកូវីដ១៩ ។
លោក ឡុង ធី តំណាងឲ្យកម្មករធ្វើការនៅក្រុមហ៊ុននេះបានលើកឡើងថា អ្នកធ្វើការនៅក្រុមហ៊ុននេះទទួលបានបានប្រាក់ខែសមរម្យ មានផ្ទះស្នាក់នៅ មានទឹក-ភ្លើងប្រើប្រាស់គ្រប់គ្រាន់ ហើយនៅពេលឈឺស្កាត់ម្តងៗ ក៏មានពេទ្យមកជួយព្យាបាលផងដែរ ។
សូមបញ្ជាក់ថា៖ ក្រុមហ៊ុនម៉ុងឬទ្ធីស្ទឹងត្រែង បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ទំហំ ៩០០០ហិចតា នៅឆ្នាំ២០០១សម្រាប់ដាំដំណាំកៅស៊ូ ប៉ុន្តែដោយសារផ្ទៃដីនេះមិនអំណោយផល ទើបចាប់ពីឆ្នាំ២០១៥មក បានប្តូរទៅដំណាំដាំស្វាយវិញ ។ ក្នុងនោះគិតមកដល់ដំណាច់ឆ្នាំ២០២០ ដាំដើមស្វាយបានជាង ៥០ម៉ឺនដើម នៅលើផ្ទៃដីទំហំ ១២០០ហិចតា ហើយនៅឆ្នាំ២០២០នេះ គ្រោងដាំបន្ថែមចំនួន ៤០០០ហិចតាទៀត ស្មើនឹងមួយលានម្ភៃម៉ឺនដើម ក្នុងពូជស្វាយចំនួន១០ប្រភេទ ៕