ព័ត៌មានជាតិ

ផ្សារបន្លែសុវត្ថិភាព( គ្មានជាតិគីមី ) មួយកន្លែងនៅលើសួនច្បារខាងជើងព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ

ខេត្តសៀមរាប​៖ អាជ្ញាធរខេត្ត​បានរៀបចំ​ផ្សារ​បន្លែ​សុវត្ថិភាព​( គ្មាន​ជាតិគីមី ) មួយកន្លែង​នៅលើ​សួនច្បារ​ខាងជើង​ព្រះរាជដំណាក់ ក្នុង​ក្រុង​សៀមរាប ដើម្បី​លក់ដូរ​បន្លែ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​យកទៅ​ប្រើប្រាស់ និង​ធ្វើ​ម្ហូបអាហារ​ដែល​បន្លែ​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ឡើយ ។ ដោយមាន​ការផ្តួចផ្តើម​ពី​អាជ្ញាធរខេត្ត , មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត , មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​ក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ កិច្ចដំណើរការ​លក់ដូ​រ​របស់​ផ្សារ​នេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ពី​គ្រប់ទិសទី​ក្នុង​ក្រុង​សៀមរាប ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​មានកា​យល់ដឹង​ពី​គុណប្រយោជន៍​របស់​បន្លែ​សុវត្ថិភាព​នេះហើយ​នាំគ្នា​មក​ទិញ​យ៉ាង​សស្រាក់សស្រាំ និង​មានការ​កើនឡើង​ជា​លំដាប់​។​

​លោក ភឿន គឹម លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា គោលបំណង នៃ​ការរៀបចំ​ជា​ផ្សារ​បន្លែ​សុវត្ថិភាព ឬ​បន្លែ​ធម្មជាតិ​នេះ​ឡើង គឺជា​ការប្រមូលផ្តុំ​អាជីវករ​ដែល​លក់ដូរ​បន្ថែ​នេះ មក​លក់ដូរ​សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុងការ​ទិញយក​ទៅប្រើ​ប្រាស់ និង​ធ្វើ​ម្ហូបអាហារ ដើម្បី​ការពារ​សុខភាព និង​សុវត្ថិភាព​ម្ហូបអាហារ ។ ផ្សារ​បន្លែ​សុវត្ថិភាព បានធ្វើ​ឲ្យ​ភាពល្អប្រសើរ និង​ជំរុញ​ដល់​សហគមន៍​ប្រជាពលរដ្ឋ​ទ​ទទួលបាន​ជីវភាព​រីកលូតលាស់​យ៉ាងខ្លាំង នៅតាម​ស្រុក​មួយចំនួន​ក្នុង​ខេត្តសៀមរាប រួមមាន ៖ ស្រុក​ស្វាយ​លើ​, ស្រុក​បន្ទាយស្រី​, ស្រុក​សូទ្រនិគម​, ស្រុក​ប្រាសាទបាគង​, ក្រុង​សៀមរាប និង​ស្រុក​ពួក ដែលមាន​បន្លែ​ធម្មជាតិ​ជាច្រើន​ប្រភេទ​មកកាន់​ទីផ្សារ​នេះ​យ៉ាង​សម្បូរបែប​ថែមទៀត​។

​លោក ភឿន គឹម លី បានបញ្ជាក់​ទៀតថា នៅពេលនេះ យើង​បានរៀបចំ​ជា​ស្តង់​លក់ដូរ​មាន​ចំនួន ១១​ស្តង់ ប៉ុន្តែ​ខែក្រោយ​នេះ យើង​នឹង​ន្ថែ​ម​ចំនួន ៥ ស្តង់​ទៀត​សម្រាប់​ការដាក់​លក់​បន្លែ​ទាំងនោះ​ហើយ រហូតដល់​ឆ្នាំក្រោយ​អាជ្ញាធរ​ពាក់ព័ន្ធ គ្រោង​នឹង​បង្កើត​ស្តង់​សម្រាប់​បងប្អូន​សហគម​ន៍​លក់​នៅពេល​ល្ងាចៗ ដូចជា​លក់​ផ្លែឈើ​គ្រប់​ប្រភេទ​ជាដើម បន្ទាប់ពី​ជ​ម្ងឹ​កូ​វីដ​-១៩ បាន​ស្ងប់ស្ងាត់ ប៉ុន្តែ​ឥឡូវ​យើង​លក់​បន្លែ​សុវត្ថិភាព​បានតែ​ពេលព្រឹក​ប៉ុណ្ណោះ គឹ​ចាប់ពី​ម៉ោង ៧:០០​នាទី រហូតដល់​ម៉ោង ១១:០០​នាទី ថ្ងៃត្រង់ សម្រាប់តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ។​

​លោក ភឿន គឹម លី បានបញ្ជាក់​បន្ថែមទៀត​ថា ចំពោះ​បន្លែ​ធម្មជាតិ​នេះ គឺ​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ​ប្រើតែ​ជី​ធ្វើ​ពី​ធម្មជាតិ ដែល​គេ​ហៅថា ជី​កំ​ប៉ុស្តិ៍​ធ្វើ​ពី​រុក្ខជាតិ​តូចៗ លាយ​លាមក​គោ និង​ល​សម​កមាន់​។​ល​។ ដែល​មិនបាន​ប្រើប្រាស់​ជី​សារ​ធាតុគីមី​ឡើយ ហើយ​តម្លៃ​លក់​ដូច​បន្ថែ​ដទៃ​នៅតាម​ទីផ្សារ​នានា​ដែរ គឺ​តម្លៃ​សមរម្យ​បំផុត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទទួលយកបាន ។

​គួររំលឹកថា រយៈកាល​កន្លងមក ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោកជំទាវ តែងតែ​អញ្ជើញ​ចុះ​ជួប​ជាមួយ​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ផ្សារ​បន្លែ​សុវត្ថិភាព នឹង​ជួយ​គាំទ្រ​ផ​លិទ្ធ​ផល​ក្នុងស្រុក​ស្ទើរតែ​ជា​រៀងរាល់​ចុង​សប្តាហ៍ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button