ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្ន ជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មួយរយៈ ដោយអនុវត្តចាប់ពី ថ្ងៃទី០១ ខែសីហា នេះតទៅ
រាជធានីភ្នំពេញ ៖ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាគោលការណ៍ លើការផ្អាកជើងហោះហើរនេះ តបតាមសំណើរបស់ក្រសួងសុខាភិបាល ។
ការផ្អាកនេះ នឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ តទៅ ហើយវិធានការនេះគឺដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងពីខាងក្រៅ ដោយសារការរកឃើញករណីឆ្លងកើនឡើងខ្ពស់ ក្នុងចំណោមអ្នកដំណើរតាមជើងយន្តហោះមកពីប្រទេសទាំងពីរ។ នេះបើតាមការពន្យល់របស់ក្រសួងសុខាភិបាលនៅក្នុងលិខិតជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ។
ម៉្យាងទៀត វិធានការនេះក៏ដើម្បីបង្កើនការការពារសុខភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស ពីព្រោះចាប់ពីខែសីហា និងខែកញ្ញានេះ ប្រទេសយើងនឹងមានការឈប់សម្រាក ក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃ ដែលតម្រូវឱ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការពារការចម្លងវីរុសកូវីដ-១៩ ។