សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជួបសំណេះសំណាលជាមួយបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបាននាំយកនូវថវិកាចំនួន ២០,០១០ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យសម្រាប់ទិញគ្រែអ្នកជំងឺចំនួន៦៩គ្រែ
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាខេត្ដសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាខេត្ដ បានជួបសំណេះសំណាលជាមួយបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបាននាំយកនូវថវិកាចំនួន ២០,០១០ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យនេះ សម្រាប់ទិញគ្រែអ្នកជំងឺចំនួន៦៩គ្រែ ដើម្បីដាក់ជូននៅក្នុងអគារនៃមន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាកព្យាបាល។
លោកជំទាវ ទាង អេង ទៀសីហា បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតពីសុខទុក្ខ និងដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលក្រីក្រ មានជំងឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោកជំទាវបានបន្ដថា សកម្មភាពសាខាកាកបាទក្រហកម្ពុជាខេត្តសៀមរាបក្នុងការផ្តល់នូវថវិកាចំនួន២ម៉ឺន១០ដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅពេលនេះ ជាការជួយបំពេញបន្ថែមនូវការខ្វះខាតរបស់មន្ទីរពេទ្យ និងដើម្បីសម្រួលដល់អ្នកជំងឺដែលត្រូវសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ។
លោកជំទាវសង្ឃឹមថា ថវិកានេះជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះប្រជាពេលរដ្ឋរបស់មន្ទីររបស់យើង។ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការពិនិត្យតាមដាន និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ។
បន្ទាប់ពីធិធីប្រគល់ថវិការួចលោកជំទាវ និងប្រតិភូ បានអញ្ជើញជួបសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល និងបានអញ្ជើញពិនិត្យគ្រែថ្មី និងទីតាំងត្រូវដាក់គ្រែអ្នកជំងឺផងដែរ។
សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺជាការិយាល័យមួយរបស់មន្ទីរសុខាភិបាលខេត្ត ផ្តល់សេវាសុខាភិបាល ដែលមានគ្រែសម្រាកពេទ្យ៣៧០ តែប៉ុណ្ណោះ បច្ចុប្បន្នអ្នកជំងឺដែលមកទទួលសេវានៅមន្ទីរពេទ្យនេះមានចំនួនកាន់តែច្រើនឡើង ទាំងអ្នកនៅក្នុងខេត្តសៀមរាប និងអ្នកមកពីខេត្តផ្សេងផងដែរ ទើបមន្ទីរពេទ្យត្រូវការពង្រីកកន្លែងសម្រាកព្យាបាលជាបន្តបន្ទាប់៕