សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ច ប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំនោះសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មូលហេតុដែលមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍សារជាថ្មីនេះ គឺដោយសារតែច្បាប់ដែលយើងមាននោះ (តាំងពីឆ្នាំ១៩៩៤) នៅមានចំណុចខ្វះខាត ហើយការអនុវត្តច្បាប់ដែលមានស្រាប់កន្លងមក ក៏ជួបនូវបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានការគិតគូរឡើងវិញ។ សម្ដេចក្រឡាហោមបានលើកឡើងថា ដោយមើលឃើញពីភាពចាំបាច់នៃការធ្វើវិសោធនកម្មច្បាប់នេះ ក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍នេះជាថ្មី ក៏ដូចជាស្នើសុំឱ្យមាន កិច្ចប្រជុំជាមួយមន្ត្រីពីស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ ព័ន្ធ ធ្វើយ៉ាងណាឱ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានសត្យានុម័តក្នុងការ អនុវត្តសម្រាប់បម្រើផលប្រយោជន៍ប្រទេសជាតិទាំងមូល។ សម្ដេចក្រឡាហោមបានបន្តថា កន្លងមកការអនុវត្តច្បាប់ និងការគ្រប់គ្រងជនបរទេសទាំងឡាយដែលចេញ-ចូលក្នុង ប្រទេសកម្ពុជា មានលក្ខណៈហ្មត់ចត់ និងប្រកបដោយភាពជោគជ័យ ដោយស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានខិតខំដោះស្រាយបញ្ហានានាតាមសភាពការណ៍ជាក់ស្ដែង ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ។
សូមជម្រាបថា ច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូបនៅលើទឹកដីក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តន៍ចំពោះជនបរទេស ដែលចូល-ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជណាចក្រកម្ពុជា។ ជាមួយគ្នានេះ ច្បាប់នេះត្រូវអនុវត្តន៍ចំពោះជនបរទេសគ្រប់រូប ដែលចូល-ចេញ ឆ្លងកាត់ និងស្នាក់ក្នុងព្រះរាជាណាចក្រកម្ពុជា៕