រមណីយដ្ឋានទេសចរណ៍អាងជើងគ្រុស កំពុងក្លាយជាតំបន់ទេសចរណ៍ថ្មីទាក់ទាញភ្ញៀវទេសចរណ៍ជាហូរហែ
ខេត្តបន្ទាយមានជ័យ ៖ រមណីយដ្ឋានទេសចរណ៍អាងជើងគ្រុស ស្ថិតក្នុងខេត្តបន្ទាយមានជ័យ កំពុងក្លាយជាតំបន់ទេសចរណ៍ថ្មីមួយ បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរទៅលេងកម្សាន្ត ជាហូរហែនៅថ្ងៃឈប់សម្រាក ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នក្នុងខេត្តមានរមណីយដ្ឋានទេសចរណ៍ ៣កន្លែងដែលមានសក្ដានុពល ដូចជា ប្រាសាទបន្ទាយឆ្មារ បារាយណ៍មេបុណ្យ និងអាងជើងគ្រុស ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលសុទ្ធសឹងតែជាកន្លែងទាក់ទាញភ្លៀវទេសចរខ្លំាងទំាងភ្ញៀវជាតិ និងអន្តរជាតិ ទៅទស្សនាមិនថាថ្ងៃបុណ្យនិងថ្ងៃធម្មតា។
លោកបានបន្តថា អាងជើងគ្រុសជារមណីយដ្ឋានថ្មីមួយ ដែលទើបបានជួសជុលកែលម្អឡើងវិញនៅក្នុងឆ្នាំ២០១៩ មានដូចជា ការកសាងស្ពានបណ្តែតទឹក មានសេវាកម្មជិះទូកទៅលេងកោះ មានខ្យុសអង្គុយលេងនិងបរិភោគអាហារ ព្រមទាំងមានកន្លែង សម្រាប់ឲ្យភ្ញៀវទេសចរឡើងទៅមើលថ្ងៃលិច ។
លោកបានឲ្យដឹងថា សព្វថ្ងៃនេះមានភ្ញៀវដែលទៅកម្សាន្តជាច្រើន ដោយសារតែអាងមានទឹកធំល្វឹងល្វើយ មានទេសភាពស្រស់ស្អាត ផ្ទៃទឹកដូចជាប់ជើងមេឃនិងជាប់ជួរភ្នំដងរែកចែកខណ្ឌសីម៉ាព្រំដែនកម្ពុជា ថៃ មានរានហាលនិងពន្លាសម្រាប់អង្គុយ ឈរ និងផ្តិតរូបថតក្រោមអាកាសធាតុត្រជាក់ លាយឡំក្លិនផ្កាស្មៅ និងក្លិនស្រូវក្រអូបប្រហើរឈ្ងុយឈ្ងប់ ព្រមទំាង មានទំនប់ទឹកដ៏វែង និងមានទូកសម្រាប់ជិះកម្សាន្ត ឆ្លងទៅគោរពទីសក្ការៈនៅទួលស័ក្តិសិទ្ធិជាដើម។
លោកបានបន្ថែមថា ចំពោះផ្លូវធ្វើដំណើរគឺមានភាពងាយស្រួលដោយផ្លូវចាក់កៅស៊ូ ដែលមានចម្ងាយ៦៥ គីឡូម៉ែត្រ ដល់ប្រាសាទបន្ទាយឆ្មារហើយ បន្តទៅមុខ៥គីឡូម៉ែត្របន្ថែមទៀតជាផ្លូវគ្រួសក្រហម ទើបទៅដល់ទីនោះ។
លោក ឈឿន សេរីវុធ បានឲ្យដឹងថា មន្ទីរទេសចរណ៍ក៏បានរៀបចំទទួលភ្ញៀវទេសចរ នៅពេលឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ ២០២០នេះ ហើយបានណែនាំឲ្យអាជីវករ រៀបចំសណ្តាប់ធ្នាប់ រក្សាអនាម័យ និង វិធានការបង្ការ ទប់ស្កាត់ពីការរីករាលដាល នៃជំងឺកូវីដ១៩ ។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមានរមណីយដ្ឋានប្រវត្តិសាស្រ្ត២កន្លែង រមណីយដ្ឋានធម្មជាតិ៥កន្លែង និងរមណីយដ្ឋានកែច្នៃចំនួន៤កន្លែង ៕