អភិបាលខេត្តរតនគិរី អមដំណើរដោយប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន ចុះពិនិត្យមើលស្ថានភាពសិក្សា និងចែកម៉ាស់ដល់សិស្សានុសិស្ស និងឧបករណ៍វាស់កម្តៅជូនវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ
ខេត្តរតនគិរី ៖ ដើម្បីធានាឲ្យការសិក្សាឡើងវិញរបស់ប្អូនៗសិស្សានុសិស្ស ក្នុងដំណាក់កាលទី២ ប្រកបដោយភាពជឿជាក់ និងទុកចិត្តបានពីការឆ្លងរីករាលដាលវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី(កូវីដ-១៩)ស្របតាមការណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីអមដំណើរដោយប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពសិក្សានិងចែកម៉ាស់ជូនប្អូនៗក្មួយៗសិស្សានុសិស្ស និងឧបករណ៍វាស់កម្តៅដល់វិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុង។
នៅក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តបានប្រគល់ម៉ាស់ចំនួន២.៥០០ម៉ាស់ និងឧបករណ៍ វាស់កម្តៅចំនួន៥០គ្រឿង ជូនគណៈគ្រប់គ្រងសាលាក្នុងខេត្ត និងបានធ្វើការចែកម៉ាស់ជូនប្អូនៗក្មួយៗសិស្សានុសិស្សផងដែរ។
ឯកឧត្តម ថង សាវុន បានសម្តែងនូវមោទនភាពនិងកោតសសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងគណៈគ្រប់គ្រងសាលា វិទ្យាល័យសម្តេចឪ-សម្តេចម៉ែ និយាយដោយឡែក និងនិយាយរួមគណៈគ្រប់គ្រងសាលានៅទូទាំងខេត្តដែលបានខិតខំអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវតាមគោលការណ៍របស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩នៅក្នុងបរិបទនៃការដាក់ឲ្យដំណើការការសិក្សាឡើងវិញក្នុងដំណាក់កាលទី២នេះ។
ឯកឧត្តម អភិបាលខេត្តបានទទូចឱ្យលោកនាយក លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការការពារជំងឺកូវីដ-១៩ ដោយសាលាទាំងអស់ត្រូវរក្សាអោយបាននូវអនាម័យ បរិស្ថានល្អ ក្នុងបរិវេណសាលា ជាពិសេស នៅក្នុងបន្ទប់នីមួយៗត្រូវដាក់ចំនួនសិស្សតាមការណែនាំរបស់ក្រសួង ចំនួន២០-២៥នាក់ ព្រមទាំងត្រូវដាស់តឿនក្រើនរំឮកសិស្សានុសិស្សគ្រប់ពេលវេលា មុនចូលសិក្សាធ្វើការ បាញ់កម្តៅ និងត្រូវលាងដៃឱ្យបានស្អាតជាមួយនឹងអាល់កុល ជែល ដើម្បីការពារទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងរីករាលដាលនៅតាមសាលារៀនសហគមន៍របស់យើង។
ឯកឧត្តម ថង សាវុន ក៏បានធ្វើការអំពាវនាវផងដែរដល់ឪពុកម្ដាយ និងអាណាព្យាបាលសូមគោរពតាមការណែនាំសំខាន់ៗរបស់ក្រសួងសុខាភិបាលក៏ដូចជាសារសំខាន់ៗរបស់ក្រសួងអប់រំ យុវជន និងកីឡាទាក់ទងនឹងវិធានការការពារអោយចាកផុតកូវីដ-១៩ ព្រមទាំងចូលរួមនៅក្នុងកិច្ចការជួយឃ្លាំមើលអំពីសកម្មភាព និងការប្រែប្រួលសុខភាពរបស់កូនចៅខ្លួន បើមាន កម្ដៅខ្ពស់ ឬមិនស្រួលខ្លួន ឬផ្ដាសាយ សូមកុំ បញ្ជូនកូនទៅរៀន។ដោយឡែកអាជ្ញាធរមូលដ្ឋានសូមបន្តកិច្ចការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវនិងភាពអត់ធ្មត់ក្នុងដំណើរការ បើកសាលារៀនឡើងវិញស្ថិតក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ នេះ។
សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តរតនគិរី សាលាគ្រប់កម្រិតមានចំនួន ៣៣សាលា បានបើកដំណើរការក្រោមលក្ខខណ្ឌសុវត្ថិភាពខ្ពស់៕