ព័ត៌មានជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីជូនដំណឹង ស្តីពី ការបើកដំណើរការឡើងវិញនូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ នានានៅទូទាំងប្រទេស

រាជធានីភ្នំពេញ ៖ ការបើកដំណើរការឡើងវិញនូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ យោងតាមលិខិតលេខ ២៣០សខល ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពីការអនុញ្ញាត បើកដំណើរការឡើងវិញនូវរោងភាពយន្ត និងសារមន្ទីរទូទាំងប្រទេស។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះ លោក លោកស្រី ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈរាជធានី -ខេត្ត សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា ដោយបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស ដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ អំពីការប្រតិបត្តិស្តង់ដារការពារការចម្លងមេរោគកូវ៥-១៩ នឹងត្រូវបានអនុញ្ញាតឲ្យបើក ដំណើរការឡើងវិញដូចមុនព្រឹត្តិការណ៍ ០៣ វិច្ឆិកា។

ដោយឡែកសម្រាប់រោងភាពយន្ត រោងសម្តែងសិល្បៈដែលពុំទាន់ទទួលបានការអនុញ្ញាត ហើយមានបំណង បើកដំណើរការសកម្មភាពរបស់ខ្លួនឡើងវិញ ត្រូវដាក់ពាក្យស្នើសុំ និងចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធានាការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាសុខាភិបាលឲ្យបានត្រឹមត្រូវ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការជាមួយក្រសួងសុខាភិបាល បន្តចុះត្រួតពិនិត្យតាមដានការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button