កុមារក្រីក្រជិត១ពាន់នាក់ ទទួលថវិកា ៥ពាន់រៀលក្នុង១ថ្ងៃពីរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលជីវភាព ជាពិសេសឱ្យកុមារទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់
រាជធានីភ្នំពេញ ៖ កុមារក្រីក្រជាង ១ពាន់នាក់ ទទួលបានថវិកាពីរាជរដ្ឋាភិបាលចំនួន ៥ពាន់រៀលក្នុង១ថ្ងៃ ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃ ពិសេសឱ្យកុមារទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ក្នុងជីវភាពប្រចាំថ្ងៃ។
លោក កែវ សុខមែ អនុប្រធាននាយកដ្ឋានសុខុមាលភាពកុមារ នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា បានឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ គាំពារកុមារក្រីក្រ ដោយបានដាក់ឱ្យដំណើរការ នូវប្រព័ន្ធទ្រទ្រង់ផ្នែកសង្គមកិច្ចនៅតាមសហគមន៍។ លោកបញ្ជាក់ថា កិច្ចគាំពារនេះគឺដើម្បីធានាបាននូវឧត្តមប្រយោជន៍របស់កុមារ ដើម្បីឱ្យកុមារក្លាយ ជាធនធានមនុស្សដ៏ល្អ មានសុខភាពល្អ
សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ។ ក្រសួងនៅតែមានការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងនៃប្រព័ន្ធកិច្ចការពារកុមារជាប្រចាំផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យកុមារទាំងអស់នោះកាន់តែប្រសើរឡើង បន្ថែមពីលើអ្វីដែលយើងបានធ្វើហើយ ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានមណ្ឌលថែទាំកុមាររបស់រដ្ឋចំនួន ២១មណ្ឌលនៅទូទាំងប្រទេស មានកុមារចំនួន ៧៨៩នាក់ ក្នុងនោះមានកុមារីចំនួន ៣២៤ នាក់ ដែលទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ៕