ព័ត៌មានជាតិ

ជប៉ុនបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ «២៩០លានដូស» និងត្រៀមទូរទឹកកករាប់ម៉ឺនគ្រឿង ដើម្បីរក្សាទុកទៅតាមប្រភេទវ៉ាក់សាំង

ប្រទេសជប៉ុន៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងតូក្យូ នឹងទិញទូទឹកកក ១០,៥០០គ្រឿង ដើម្បីស្ដុកទុកវ៉ាក់សាំង COVID-19 ខណៈកំពុងត្រៀមចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនទៅតាមគម្រោង។

ជប៉ុនបានបញ្ជាទិញវ៉ាក់សាំង ២៩០លានដូសពីក្រុមហ៊ុន Pfizer, AstraZeneca និងក្រុមហ៊ុន Moderna ដែលគ្រប់គ្រាន់ចាក់ជូនប្រជាជនរបស់ខ្លួន ដោយក្នុងមនុស្សម្នាក់ តម្រូវឱ្យចាក់ ០២ដូស។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ចាំបាច់ត្រូវតែស្ដុកទុកនៅកន្លែងមានសីតុណ្ហភាពគឺ -៧៥អង្សាសេ រីឯវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវស្ដុកទុកក្រោមសីតុណ្ហភាព -២០អង្សាសេ ដែលនេះអាចនឹងបង្កឧបសគ្គដល់ប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍមួយចំនួន ក្នុងការដឹកជញ្ជូន និងស្ដុកទុកវ៉ាក់សាំង។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន ជប៉ុនមានអ្នកឆ្លង COVID-19 សរុប ១៦៥,៨៤០ករណី ក្នុងនោះមានអ្នកស្លាប់ ២,៤២០នាក់ និងជាសះស្បើយឡើងវិញ ១៤០,៦២២នាក់។ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់រួចហើយថា ប្រជាជនខ្លួនទាំងអស់ (១២៦លាននាក់) នឹងទទួលបានវ៉ាក់សាំង COVID-19 ដោយមិនគិតថ្លៃអ្វីទាំងអស់៕

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button