សេដ្ឋកិច្ចមាសធ្លាក់ចុះថ្លៃហើយ ប៉ុន្តែពិតណាស់ ដែលមិនជះឥទ្ធិពលដល់សេដ្ឋកិច្ចនោះ និងក៏ជាឱកាសសម្រាប់អ្នកវិនិយោគ.!
សេដ្ឋកិច្ចមាសធ្លាក់ចុះថ្លៃមិនជះឥទ្ធិពលដល់សេដ្ឋកិច្ច និងជាឱកាសសម្រាប់អ្នកវិនិយោគ
ចាប់ពីចុងខែ កញ្ញាមក តម្លៃមាសមានការធ្លាក់ចុះថ្លៃជាខ្លាំង។ ចំពោះមូលហេតុនៃការធ្លាក់ចុះតម្លៃនេះ ដោយសារការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។
, នេះជាការលើកឡើងរបស់លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល។ លោក ឡុង សំណាង បានលើកឡើងថា ចំពោះការធ្លាក់ចុះតម្លៃមាសនេះ មានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។
ផលអវិជ្ជមាន គឺកើតឡើងចំពោះម្ចាស់ហាងលក់មាស ដែលទិញមាសស្តុកទុកច្រើន និងនាំចូលក្នុងតម្លៃខ្ពស់ អាចប្រឈមនឹងការខាតបង់។ ដោយឡែកចំណុចវិជ្ជមាន គឺល្អសម្រាប់អ្នកមានបំណងចង់ទិញមាស ឬគ្រឿងអលង្ការទុកចំណេញ នៅពេលមាសឡើងថ្លៃវិញ។
លោកបណ្ឌិត គូសបញ្ជាក់ទៀតថា«នៅពេលដែលស្ថានភាពតម្លៃទំនិញឡើងថ្លៃ ឬមាសកំពុងតែដាំក្បាលចុះនេះ ពលរដ្ឋមួយចំនួនយកមាសទៅលក់ ក្រោយពីឃើញអត្រាហាងឆេងមាសធ្លាក់ចុះ ដែលធ្វើឱ្យតម្លៃមាសកាន់តែសំយ៉ុងចុះ បើធៀបនឹងតម្លៃប្រាក់ដុល្លារអាមេរិក»។ បើតាមលោក បណ្ឌិត ហុង វណ្ណៈ មើលឃើញថា ការលក់នេះ ក្នុងគោលដៅពីរ គឺទី១ បារម្ភខ្លាចមាសបន្តធ្លាក់ចុះថ្លៃថែមទៀត និងទី២ លក់មាសដើម្បីយកប្រាក់មកទប់ទល់នឹងតម្រូវការជីវភាពប្រចាំថ្ងៃ។
លោកសង្កត់ធ្ងន់ថា ចំពោះការធ្លាក់ចុះតម្លៃមាសនេះ មិនជះឥទ្ធិពលអាក្រក់ណាមួយជាដុំកំភួនដល់សេដ្ឋកិច្ចជាតិនោះទេ ដោយសារកម្ពុជា មិនមានក្រុមហ៊ុនលក់ស៊ែភាគហ៊ុន លើការជួញដូរមាសធំដុំ គឺភាគច្រើនជាអាជីវករលក់ដូរធម្មតាប៉ុណ្ណោះ។
លោកស្រី ឈុន សុភក្តិ៍ ម្ចាស់ហាងលក់មាសទី មង្គល បានឱ្យដឹងថា មាសចាប់ផ្តើមធ្លាក់ចុះថ្លៃចាប់ពីថ្ងៃទី ២៥ ខែ កញ្ញា រហូតមកដល់បច្ចុប្បន្ន ពោលគឺពីតម្លៃជាង ២១០ដុល្លារ ក្នុងមួយជី មកត្រឹមតម្លៃ ២០០ដុល្លារ នៅថ្ងៃនេះ។ លោកស្រី បានបន្តថា នៅក្នុងស្ថានភាពតម្លៃមាសមានការធ្លាក់ចុះខ្លាំងនេះ មានពលរដ្ឋជាច្រើន បានមកទិញមាសទុកចំណេញនៅពេលក្រោយ ខណៈដែលអ្នកយកមកលក់វិញ មិនសូវមាននោះទេ។
លោកស្រី បានផ្តល់ជាគំនិតថា ប្រសិនបើប្រជាពលរដ្ឋមានប្រាក់បម្រុងមិនចាំបាច់ក្នុងការប្រើប្រាស់ គួរតែវិនិយោគលើវិស័យមាសដុំ ឬមាសគីឡូ មានឱកាសចំណេញច្រើន នៅពេលខាងមុខ។
លោកស្រីបញ្ជាក់ថា មាសដុំមានតម្លៃ និងងាយស្រួលលក់ចេញវិញ ជាងមាសដែលកែច្នៃរួចហើយ។
ជាពិសេសនោះ គឺងាយស្រួលក្នុងការប្រមូលដើមទុនបានភ្លាមៗ នៅពេលដែលពួកគាត់មានមាសនៅក្នុងដៃ។ លោកស្រី បានថ្លែងដូច្នេះថា «មាសប្រសិនបើគាត់ទិញ ហើយវិនិយោគរយៈពេលយូរ ១ឆ្នាំទៅ២ឆ្នាំ មានឱកាសចំណេញច្រើន ព្រោះមាសមិនចុះរហូតទេ មាសជាធនធានរ៉ែ មិនអាចផលិតដោយវិទ្យាសាស្រ្តបានទេ គឺកើតឡើងពីធម្មជាតិ ដូច្នេះតម្រូវការគឺមានរហូតអាចនឹងកើនឡើងតម្លៃវិញនៅពេលណាមួយ»។
បើតាមលោកស្រី ឈួន សុភក្តិ៍ តម្លៃមាសអាចនឹងឡើងថ្លៃវិញនៅឆ្នាំ ២០២៣ ក្រោយពីមានដំណោះស្រាយហិរញ្ញវត្ថុ និងវបត្តិផ្សេងៗនៅលើពិភពលោក៕