ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវដ្តន៍ ប្រកាសផ្អាកជាបណ្តោះអាសន្នការប្រឡងចូលបម្រើការងារនៅក្នុងក្រសួងសំរាប់ឆ្នាំ២០២០
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវដ្តន៍ ប្រកាសផ្អាកជាបណ្តោះអាសន្នការប្រឡងចូលបម្រើការងារនៅក្នុងក្រសួងសំរាប់ឆ្នាំ២០២០នេះ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវដ្តន៍ ដែលវិទ្យុជាតិកម្ពុជាទទួលបានឲ្យដឹងថា ការប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ឆ្នាំ២០២០ ត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ ១៩ (Covid-19) ។ ក្នុងន័យនេះក្រសួង ស្នើដល់សាធារណជនមេត្តាយោគយល់ចំពោះស្ថានភាពនាពេលបច្ចុប្បន្ននេះ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវដ-១៩ (Covid-19) សំដៅការពារសុខភាព និងសុខុមាលភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិយើង។
ប្រភពដដែលបានបញ្ជាក់ថា ចំពោះសំណុំឯកសារដែលបេក្ខជនបានដាក់ពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែងនៅទីស្តីការក្រសួង និងតាមមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កន្លងទៅក្រសួងនឹងរក្សាទុកជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងថ្មី។ក្នុងករណីមានសភាពការណ៍ចាំបាច់តម្រូវឱ្យលុបចោលការប្រឡងប្រជែងជាស្ថាពរនោះ ក្រសួងនឹងធ្វើការជូនដំណឹងឱ្យបេក្ខជនទាំងអស់មកទទួលយកវិញនូវសំណុំឯកសារដែលបានពាក្យស្នើសុំប្រឡង រួមទាំងថវិកាដែលបានបង់ដើម្បីសុំសិទ្ធិប្រឡងផងដែរ ៕