ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បញ្ជា​ឱ្យ​​​​​​​ថ្នាក់ដឹកនាំពាក់ព័ន្ធបន្តពង្រឹង​យ​ន្តការកែទម្រង់ឱ្យបានខ្លាំងក្លា និ​ង​មានប្រសិទ្ធភាព

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឱ្យមានការបែងចែកមន្ត្រីនគរបាលជាតិ ទៅបំពេញការងារនៅអង្គភាពដែលមានតម្រូវការធនធានពិតប្រាកដ និងចាំបាច់ ដោយមិនអាចបណ្ដែតបណ្ដោយឱ្យទៅប្រមូលផ្ដុំនៅក្នុងអង្គភាពណាមួយ ដែលមិនសូវមានតម្រូវការនោះទេ។

ថ្លែងកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសានេះ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធបន្តពង្រឹងយន្តការកែទម្រង់ឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាព ក្នុងនោះនគរបាលដែលបញ្ចប់ការសិក្សា និងតាំងស៊ុបជា មន្ត្រីនគរបាលជាតិ ត្រូវបែងចែកកងកម្លាំងបំពេញភារកិច្ចឱ្យបានច្បាស់លាស់ផងដែរ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបែងចែកមន្ត្រីនគរបាលជាតិនៅតាមអង្គភាពនេះ ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងកិច្ចការពារព្រំដែនជាដើម។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានជំរុញឱ្យថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបន្តបង្កើនការបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីលើមុខជំនាញចាំបាច់ និងទាន់សភាពការណ៍វិវត្តន៍ជាក់ស្ដែងមួយចំនួន ជូនដល់ថ្នាក់ដឹកនាំនគរបាលគ្រប់លំដាប់ថ្នាក់ ដើម្បីបានជាទុនបន្ថែម ក្នុងការពង្រីងចំណេះដឹង ពង្រឹងជំនាញ និងសម្រាប់ការអប់រំ ផ្សព្វផ្សាយ ណែនាំដល់មន្ត្រីនគរបាលក្រោមឱវាទ ដោយវគ្គបណ្ដុះបណ្ដាលនោះអាចធ្វើឡើង២ទៅ៣ថ្ងៃក៏បាន ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button