សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ កំពុងខ្វះខាតជីវភាពចំនួន ១២០គ្រួសារ
ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃអង្គារ៍ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយអនុសាខាក្រុងកំពង់ចាម និងស្រុកកំពង់សៀម បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ កំពុងខ្វះខាតជីវភាព ចំនួន១២០ គ្រួសារ មកពី ២ សង្កាត់ ក្នុងក្រុងកំពង់ចាមចំនួន ៦០ គ្រួសារ និងមកពីបណ្តាឃុំទាំង ១៥ ក្នុងស្រុកកំពង់សៀមចំនួន ៦០ គ្រួសារ ។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក្នុងនាមឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល ជានិច្ច កាល សម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: មិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេស ក្នុងស្ថានភាពទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ នេះ សម្តេចប្រធាន បានផ្តោតការយកចិត្តទុកដាក់ ចំពោះគ្រួសារចាស់ជរាគ្មានទីពឹង ,ជនមានពិការ ភាព ,គ្រួសារកុមារកំព្រា , ស្ត្រីមេម៉ាយក្រលំបាកកូនច្រើន , អ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារក្រីក្រកម្រិត ១ ដែលខ្វះខាតក្នុងជីវភាព ត្រូវអន្តរាគមន៍ ជួយដោះស្រាយផ្តល់ជំនួយសង្រ្គោះ អោយបានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទ ក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ ៗ គ្នា ដោយមិនទុកនរណា ម្នាក់ចោល ” ។
ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយកាន់តែខ្ពស់បន្តទៀត ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ19 ដោយមិនត្រូវធ្វេសប្រហែស ឬ ភ្លេចខ្លួន បានឡើយ ។ ទាំងអស់គ្នា សូមខិតខំការពារខ្លួន ដោយផ្តើមពីយើងម្នាក់ ៗ ត្រូវថែទាំសុខភាពអោយបានល្អ ហើយ ត្រូវប្រកាន់យក វិធានការអនាម័យស្អាត ៣ យ៉ាង រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តអោយបានខ្ជាប់ខ្ជួន តាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីជៀសអោយផុតពីការឆ្លងរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ អោយ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាជីវិតខ្លួនឯង និងជីវិតអ្នកដទៃ តាមពាក្យស្លោក ” ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ” ។
ប្រជាពលរដ្ឋទាំង ១២០ គ្រួសារ ដែលទទួលបានអំណោយមនុស្សធម៌នេះ រួមមាន គ្រួសារក្រីក្រកម្រិត ១ ចំនួន ៣៦ គ្រួសារ, ចាស់ជរាគ្មានទីពឹង ២១ គ្រួសារ, ជនមានពិការភាព ១៤ គ្រួសារ, ស្ត្រីមេម៉ាយកូនច្រើន ៣៤ គ្រួសារ និងអ្នកមានជម្ងឺរ៉ាំរ៉ៃ ១៥ គ្រួសារ ដែលក្នុង ១គ្រួសារ ៗ ទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ,ទឹកត្រី ១យួរ , ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ ១០ កំប៉ុង, អាវយឺត ២ , ម៉ាស់ ៥បន្ទះ និងថវិកា ២០,០០០ រៀល ៕