ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលាខេត្តកែប
ខេត្តកែប ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នេះនៅសាលាខេត្តកែប ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកែប ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សា ខេត្ត អភិបាលរងខេត្តព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពក្នុងខេត្ត ព្រមទាំងមន្រ្តីចំណុះរដ្ឋបាលខេត្តកែបទាំងមូល។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រកាសតែងតាំង លោក ភូ លិ អតីតអភិបាលរងខេត្តកំពត ជាអភិបាលរងនៃគណៈអភិបាលខេត្តកែប ខណៈដែលលោក អ៊ឹង ឆាយ ត្រូវបានបញ្ចប់អាណត្តិរបស់ខ្លួន និងត្រូវផ្ទេរទៅកាន់មុខតំណែងជាអភិបាលរងនៃ គណៈអភិបាលខេត្តកំពតវិញ។
ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឱ្យល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា ទប់ស្កាត់ និង បង្ការការរីករាលដាលនៃជំងឺកូវីដ១៩ឱ្យបានល្អ តាមរយៈការផ្សព្វផ្សាយវិធានការរបស់ ក្រសួងសុខាភិបាល។ ត្រូវពិនិត្យ និងដោះស្រាយរាល់ជម្លោះ តម្រូវការរបស់ ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបឱ្យបាន បញ្ហាគ្រឿងញៀនខុសច្បាប់ ពិសេសត្រូវជំរុញការរៀបចំ និងតាមដានការអនុវត្តន៍ ផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគ និងផែនការសកម្មភាពរបស់ឃុំសង្កាត់ ក្រុង ស្រុក និងខេត្តឱ្យបានល្អប្រសើរ។
ឯកឧត្តម លេង វី បានសំណូមពរដល់គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្តកែប ឱ្យទទួលបានជោគជ័យបន្ថែមទៀត៕