ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាតឲ្យឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួសម និងស្វែងយល់អំពីសក្កានុពលនានា
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួសម និងស្វែងយល់អំពីសក្កានុពលនិងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូតសហរដ្ឋអាមេរិក។
អញ្ជើញចូលរួមក្នុងជំនួបនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាន៍ទៅកាន់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មព្រមទាំងការងាររបស់អង្គការសង្គមស៉ីវិលជាមួយរដ្ឋបាលខេត្តផងដែរ ជាពិសេសឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង បានផ្តល់ការងារ ធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងមកពីតាមបណ្តាខេត្តជាង៨ម៉ឺននាក់ ។
ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន ក្នុងកំឡុងពេលជំងឺកូវីដ១៩ ដូចជាការនាំទំនិញចេញចូលឆ្លងកាត់នៅព្រំដែនខេត្តស្វាយរៀងនិងវៀតណាម ព្រមទាំងវិធីសាស្ត្រក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់អំពីសក្កានុពល និងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូតសហរដ្ឋអាមេរិក។ ប្រភព៖ #មន្ទីរព័ត៍មានខេត្តស្វាយរៀង #AKP #KONG SOKHENG