ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១នៃព្រឹទ្ធិសភា ចុះស្វែងយល់ពីការអនុវត្តច្បាប់ បញ្ហាប្រឈម និងការដោះស្រាយបណ្តឹងពលរដ្ឋ នៅសាលាដំបូងខេត្តតាកែវ
ខេត្តតាកែវ ៖ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១នៃព្រឹទ្ធិសភាជាតិ នៅព្រឹកថ្ងៃអង្គារិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូ ចុះស្វែងយល់ពីការអនុវត្ត ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី និងស្វែងយល់អំពីសិទ្ធិរបស់ទណ្ឌិតនៅសាលាដំបូងខេត្តតាកែវព្រមទាំងបញ្ហាប្រឈម ការលំបាក និងការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ សិទ្ធិទទួលបានការជំនុះជម្រះដោយយុត្តិធម៌ និងបញ្ហាអ្នកទោសជាប់ឃុំលើសពីនីតិវិធី ។
មានប្រសាសន៍នាឪកាសនោះ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ បានមានប្រសាសន៍ថា គណៈកម្មការទី១នៃព្រឹទ្ធិសភា មានភារកិច្ចទទួលបន្ទុកសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ហើយមានមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ជូនគណៈអចិន្រ្តៃយ៍ព្រឹទ្ធិសភា ។
ឯកឧត្តម យ៉ង់ សែម មានប្រសាសន៍បន្តថា នៅក្នុងការអនុវត្តការងាររបស់ស្ថាប័នតុលាការ តើយើងមានជួបលំបាកបញ្ហាអ្វីខ្លះ តើដំណើរការ នៃការដោះស្រាយសំណុះរឿងតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលមានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដាក់ចេញយុទ្ធនាការ១០០ថ្ងៃនៃការដោះស្រាយសំណុះរឿង តើមានបញ្ហាប្រឈមអ្វីខ្លះកើតមានឡើង ដើម្បីរាយការណ៍ជូនសម្តេចប្រធាន និងគណៈអចិន្រ្តៃយ៍ សម្រាប់ដោះស្រាយរួមគ្នា កុំអោយកើតមានបញ្ហា តទៅទៀតនៅក្នុងសាលាដំបូងយើងនេះ ។
ពាក់ព័ន្ធទៅនឹងការចុះស្វែងយល់របស់គណៈកម្មការទី១ នៃព្រឹទ្ធសភាពាក់ព័ន្ធទៅនឹងដំណើការ អនុវត្តច្បាប់ ក៏ដូចជាការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ សិទ្ធិរបស់ពលរដ្ឋក្នុងការទទួលបានការជំនុះជំម្រះដោយយុត្តិធម៌ និងបញ្ហាប្រឈមនោះឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្ត និងឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត បានគូសបញ្ជាក់ថា ការអនុវត្តច្បាប់នានា ពិសេសក្រមទាំង៤ ក្នុងសាលាដំបូងខេត្តតាកែវ គឺយើងអនុវត្តដោយឈរលើ គោលការណ៍ច្បាប់ជាធរមាន ហើយក្នុងនោះចំពោះការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ គឺយើងបានអនុវត្តអោយលឿន និងជម្រះក្តីដោយភាពត្រឹមត្រូវ ទទួលបានយុត្តិធម៌ទាំងអស់គ្នា ពោលគឺអនុវត្តដោយស្មើសិទ្ធិស្មើភាពគ្នានៅលើផ្លូវច្បាប់។
ឯកឧត្តម ជីវ ចាន់តារាព្រះរាជអាជ្ញា បានមានប្រសាសន៍បន្ថែមទៀតថា ពាក់ព័ន្ធនឹងការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ទៅលើសិទ្ធិរបស់ជនប្រពឹត្តបទល្មើស គឺជនសង្ស័យ គឺជនជាប់ចោទ ជនត្រូវចោទ និងពិរុទ្ធជន ឬទណ្ឌិត គឺយើងប្រើប្រាស់តាំងពីដំណាក់កាលមន្រ្តីនគរបាលយុត្តិធម៌ មានន័យថា គឺគាត់មានសិទ្ធតាំងពីក្រោមរហូតដល់ដំណាក់កាលជំនុះជម្រះក្តី ពោលគឺច្បាប់បានការពារ និងផ្តល់សិទ្ធិទាំងជនប្រព្រឹត្តបទល្មើស និងដើមបណ្តឹងផងដែរ ។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ាក ផល្លា និង ឯកឧត្តម ជីវ ចាន់តារា ក៏បានបេ្តជ្ញាដោយខិតខំអនុវត្ត ការងាររបស់ខ្លួនដោយឈរលើគោលការណ៍ច្បាប់ជាធរមាន ពិសេសគឺខិតខំប្រឹងប្រែងពន្លឿនសំណុំរឿង កុំអោយនៅកកស្ទុះ ក៏ដូចជាផ្តល់នូវភាពយុត្តិធម៌ដល់បងប្អូនប្រជាពលរដ្ឋដោយស្មើភាពគ្នាចំពោះមុខច្បាប់ ៕