ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី

ពិធីប្រកាសត្រូវបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រធានអនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។

យោងតាមប្រកាសរបស់ក្រសួងការពារជាតិសម្រេចតែងតាំង លោក ឧត្តមសេនីយ៍ត្រី សោ សារឿន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ជំនួសលោកឧត្តម សេនីយ៍ត្រី ថាវ យ៉េន ដែលត្រូវទៅទទួលភារកិច្ចថ្មី។

បន្ទាប់ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ស្វាគមន៍ រួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា យោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់ អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ ប្រមូលផ្តុំ, រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្តថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងជាឱកាសនៃការផ្លាស់ប្តូរ បរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះគឺ ៖
១- ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន
២- រៀបចំធនធានមនុស្សឱ្យស្របនិងសមត្ថភាពជំនាញ និងនិស្ស័យ
៣- ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន
៤- ជាការផ្លាស់ប្តូរបរិយាកាសការងារ ចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យស្ថាប័ន អង្គភាព រីកចម្រើនព្រមៗគ្នា។
ម្យ៉ាងទៀត មានឱកាសទទួលបានការសិក្សា រៀនសូត្រ ដើម្បីបង្កើនសមត្ថភាព តាមឱ្យទាន់ការវិវឌ្ឍន៍ថ្មីៗនៃសភាពការណ៍។

ហើយលក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថទាមទារនូវលក្ខណសម្បត្តិ ៤.យ៉ាងគឺៈ

១- សុខភាពល្អ កាយសប្បទាមាំមួន

២- មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំ បញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ។

៣- មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលៈបង់ ឧស្សាហ៍ព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិក នៃកងយោធពលខេមរភូមិន្ទ ឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន។

៤- ស្គាល់ ដឹង ចេះនិងប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន។
នៅក្នុងឱកាសននេះ ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ក្នុងការដឹកនាំបញ្ជា គ្រប់គ្រកងរាជអាវុធហត្ថខេត្តរតនគិរី សម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយ កិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងសូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទី ភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button